ទំនាស់វិវាទ លើសមុទ្រចិនខាងត្បូង ជាដុំសាច់មហារីក ដែលមិនអាចធ្វើការវះកាត់ យកចេញបានពីបំពង់ករបស់វៀតណាម! – DAP News
]
ភាពបដិបក្ខអំពីផលប្រយោជន៍របស់ពួកប្រទេស Claimant States ក្នុងការអះអាងដែនអធិបតេយ្យភាព និងអំណាចយុត្តាធិការលើសមុទ្រចិនខាងត្បូង ជាបច្ច័យមួយដ៏លំបាកបំផុតក្នុងការពុំអាចសម្របសម្រួលដោះស្រាយបញ្ហាដ៏រ៉ាំរ៉ៃនេះបានតាមរយៈការជួបចរចា ឬមួយតាមរយៈសាលក្រមរបស់ទោះបីអង្គការអន្តរជាតិណាមួយ! ដោយជំហរនយោបាយ និងផលប្រយោជន៍មានការខុសគ្នាផ្សេងឆ្ងាយពីគ្នាទាំងអស់!។
បញ្ហាសមុទ្រចិនខាងត្បូង ជាផលប្រយោជន៍សេដ្ឋកិច្ចតែបានបង្កប់ទៅក្នុងនយោបាយភូមិសាស្រ្ត យុទ្ធសាស្រ្ត ក្រោយមកបញ្ហានេះបានក្លាយទៅជា “ Mode” មួយក្នុងការនាំដល់ការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់ បន្ទាប់មកបែរទៅជាបម្រើឱ្យនយោបាយកេងចំណេញរបស់ពួកប្រទេសយក្សនៅខាងក្រៅតំបន់ទៅវិញ!។ មានសច្ចៈធម៌មួយនៅក្នុងប្រវត្តិនៃវិទ្យាសាស្រ្តនយោបាយ គឺនៅពេលដែលបញ្ហាកើតឡើងហើយមានការជ្រៀតជ្រែកមួយដ៏ធំពីខាងក្រៅ មកលើភូមិសាស្រ្តនយោបាយដោយអានុភាពរបស់មហាអំណាចពិភពលោកនោះ គឺច្បាស់ជានឹងធ្វើឱ្យសភាពការណ៍នៅទីនោះមានការលំបាកក្នុងការវិលមកស្ថានភាពដើម(Status quo ante )ដូចមុនបានឡើយ! ឧទាហរណ៍ជាក់ស្ដែងសភាពការណ៍នៅភូមា នឹងវិលមកដូចដើមតែនឹងខុសទាំងអស់មិនដូចសភាពដើមឡើយ!
សង្រ្គាមត្រជាក់កើតឡើងជាបន្តបន្ទាប់នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូងក្នុងមួយទសវត្សរ៍កន្លងមកនេះ បានក្លាយទៅជាមុខទំនិញមួយដែលមានតម្លៃ ធ្វើឱ្យពួកប្រទេសដែលមានការពាក់ព័ន្ធ និងពួកប្រទេសដែលពុំមានការពាក់ព័ន្ធ(Non Claimant States) បានរួមគ្នាធ្វើការតថ្លៃ ទិញដូរ ក្នុងតម្លៃនៃផលប្រយោជន៍យុទ្ធសាស្រ្តរៀងៗខ្លួន!។
ដោយចរិតស្មុគស្មាញរបស់បញ្ហាសមុទ្រចិនខាងត្បូង ទើបពួកអ្នកយុទ្ធសាស្ដ្ររំពឹងថា ក្នុង១០ទៅ២០ឆ្នាំខាងមុខទៀត បញ្ហាសមុទ្រចិនខាងត្បូងក៏គ្មានដំណើរវឌ្ឍនភាព នៅតែដដែលៗ ក្នុងករណីបើពួកប្រទេសពាក់ព័ន្ធមិនឯកភាពលើរូមមន្ត ដាក់ទំនាស់ទៅម្ខាង ហើយរួមគ្នាធ្វើអាជីវកម្ម រកស៊ីក្នុងផលប្រយោជន៍រួមនោះ!។
ដោយមានការបារម្ភដ៏ជ្រាលជ្រៅទៅនឹងសង្រ្គាមត្រជាក់ដ៏រ៉ាំរ៉ៃនៅក្នុងតំបន់អាស៊ីថ្មីនេះ ទើបពេលនៅរស់លោក Surin Pitsuwan ធ្លាប់បានប្រកាសយ៉ាងចំហរថា បញ្ហាសមុទ្រចិនខាងត្បូងគឺជាបញ្ហាPalestineរបស់អាស៊ីដែលពិបាករកដំណោះស្រាយ! បើអ្នកនយោបាយអាស៊ីខ្លះ បានហៅបញ្ហាសមុទ្រចិនខាងត្បូងថា ជារឿងព្រេងនិទាន១០០១យប់! ការនិយាយបែបនេះចង់បញ្ជាក់ឱ្យឃើញថា បញ្ហានេះនៅបន្តអូសបន្លាយមិនចេះចប់ ហើយនឹងហែកតំបន់អាស៊ីមួយនេះទៅជាចំណែកតូចៗ ព្រោះដោយមានប្រទេសខ្លះគាំទ្រនិងក៏មានប្រទេសខ្លះមិនឯកភាព ដែលជាហេតុចម្បងនាំឱ្យមានការមិនចុះសម្រុងគ្នាទាំងក្នុងតំបន់ទាំងនៅលើពិភពលោកនោះ!។
ការវិវត្តន៍របស់ពិភពលោកក្នុង២០ឆ្នាំចុងក្រោយនេះ!
ស្ថានភាពទាំងនេះ មិនខុសអីទៅនឹងតថភាពរបស់ចក្រភពអង់គ្លេសមុននេះដែលគេទាំងឡាយបានស្គាល់និងហៅចក្រភពអង់គ្លេសថាជា “តោសមុទ្រ”នោះ ដោយអង់គ្លេសក្នុងសម័យកាលនោះ ធ្លាប់បានធ្វើជាអធិរាជផ្ដាច់មុខលើមហាសាគរអស់រយៈកាលមួយដ៏យូរ។តែក្រោយមកនិងឥឡូវនេះ សហរដ្ឋអាមេរិកដែលជាមហាអំណាចរបស់មហាអំណាចផុតលេខ(Super of Superpowers) ដែលក្នុងនោះអត្ថប្រយោជន៍ដ៏កំពូលនិងសាវ័ន្តក្នុង Global Strategy គឺសេរីភាពក្នុងការធ្វើនាវាចរណ៍លើមហាសាគរទាំងអស់ ដែលអំណាចក្នុងការធ្វើចរាចរនាវាចរណ៍លើមហាសាគរនេះ គឺជាអត្ថិភាពនិងជាកម្លាំងពិតរបស់អាមេរិក ដែលសិទ្ធិអំណាចទាំងអស់នេះផ្សារភ្ជាប់ទៅនឹងValue របស់ប្រទេសអាមេរិកផង!។ ផ្ដើមចេញពីទស្សនៈទាននេះ ទើបអាមេរិកចាត់ទុកប្រទេសរបស់ខ្លួនមានអំណាចធ្វើជាម្ចាស់លើមហាសាគរទាំងអស់ ព្រមទាំងមានសិទ្ធិពេញលេញក្នុងការប្រើប្រាស់នូវកម្លាំងបាយ ដើម្បីធានាការពារដល់អំណាចផ្ដាច់មុខមួយនេះ ដូចដែល “តោសមុទ្រ” អង់គ្លេសធ្លាប់បានវាតទីអុងអាត់ធ្វើអធិរាជមកលើសមុទ្រទាំងអស់ក្នុងសម័យកាលនាសតវត្សរ៍ទី១៩នោះ!។
ទាក់ទងដល់ទស្សនៈនយោបាយគ្រប់គ្រងមកលើមហាសាគរនេះដោយជាប្រទេសទើបនឹងងើបឡើង ចង់ចែករំលែកតួនាទីនិងចូលរួមក្នុងការអះអាងអត្ថិភាពរបស់ខ្លួនក្នុងសតវត្សរ៍ទី២១នេះផងដែរ ទើបចិនធ្លាប់មានឥរិយាបថទន់ភ្លន់មួយដោយបានធ្វើការអះអាងថា ចិនជាប្រទេសដែលតែងតែមានភាព Fair Treatment ប្រកបទៅដោយការទទួលខុសត្រូវមួយនៅលើសមុទ្រចិនខាងត្បូង!ព្រោះប្រទេសចិនត្រូវការបរិយាកាសជុំវិញប្រកបទៅដោយសន្តិភាព រួមរស់ជាមួយបណ្ដាប្រទេសភូមិផងនិងជុំវិញសមុទ្រចិនខាងត្បូង ដើម្បីការអភិវឌ្ឍន៍និងវឌ្ឍនភាព ហើយបើគ្មានសន្តិភាពនិងស្ថិរភាព គឺនឹងពុំអាចមានបរិយាកាសសហប្រតិបត្តិការល្អនៅក្នុងតំបន់ដូចបច្ចុប្បន្ននេះឡើយ!។
ក៏ប៉ុន្តែ នៅពេលដែលឥទ្ធិពលរបស់ចិនកាន់តែរីកធំធាត់ កើនឡើងហើយអានុភាពរបស់អាមេរិកនៅអាស៊ីបាននិងកំពុងមានភាពChallenging យ៉ាងដូច្នោះ ប្រហែលជាអាមេរិកនឹងមានការលំបាកក្នុងការស្វែងរកកៀរគររកភាពជាដៃគូ និងក៏ដើម្បីមានការគាំទ្រចំពោះនយោបាយមួយបង្កើតឱ្យមានភាពប្រឈមនៅក្នុងតំបន់នោះ!។ គេទាំងឡាយដឹងថា ចាប់តាំងពីសង្រ្គាមលោកលើកទី២ចប់ទៅ សហរដ្ឋអាមេរិកបានពឹងផ្អែកមកលើសម្ព័ន្ធមិត្តអាស៊ីពីរ គឺ ជប៉ុននិងហ្វីលីពីន ដើម្បីធ្វើឱ្យមានស្ថិរភាពនិងជួយបំពេញនូវតុល្យភាពកម្លាំង លើជញ្ជីងអំណាចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ! ក៏ប៉ុន្តែដោយអត្ថប្រយោជន៍ជាតិនិងអំណាចឥស្សរភាពបានធ្វើឱ្យប្រទេសពីរនេះដែលជាដៃគូយុទ្ធសាស្រ្តសំខាន់ ជប៉ុន និងហ្វីលីពីន មួយថ្ងៃកាន់តែបាត់អស់ជំនឿក្នុងចក្ខយុទ្ធសាស្រ្តរបស់អាមេរិកជាបណ្ដើរៗដោយពួកគេមានការស្ទាក់ស្ទើរក្នុងការចង់ស្ថិតនៅក្នុងតារាវិថីឥទ្ធិពលនយោបាយរបស់អាមេរិក! ដោយមើលឃើញករណីCrimea បន្ទាប់មកភូមាជាមេរៀនប្រវត្តិសាស្រ្តជាក់ស្ដែងបំផុតនោះ!។
ដោយមានសម្ពាធក្នុងដំណោះស្រាយនៅមជ្ឈឹមបូព៌ា អាស៊ីខាងត្បូងនិងកន្លែងជាច្រើនទៀត បានធ្វើឱ្យសហរដ្ឋអាមេរិកបោះបង់នូវគោលគំនិតEngagementខ្លាំងក្នុងទំនាក់ទំនងជាមួយប្រទេសខ្លះនៅក្នុងតំបន់ ងាកមករកភាពDetende ជាមួយចិនវិញ! ឆ្លៀតពេលដ៏លំបាកមួយនេះចិនក៏បានបំពេញចូលមកជំនួសក្នុងកន្លែងចន្លោះប្រហោងរបស់អាមេរិកនេះវិញ!។
ពិនិត្យជារួមក្នុងបរិបទបច្ចុប្បន្ន ពេលនេះអាមេរិកនៅពុំទាន់មានគំនិតចង់ប្រើប្រាស់បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងគោលដៅនយោបាយចំពោះចិននៅឡើយទេ! ព្រោះបើធ្វើយ៉ាងដូច្នោះ គឺអាចនិងជំរុញឱ្យចិនធ្លាក់ទៅក្នុងស្ថានភាពមួយដាច់ខាតប្រយុទ្ធស្លាប់រស់ជាមួយនិងអាមេរិកជាមិនខាន! ករណីអូស្រ្តាលីជាបទពិសោធន៍ជាក់ស្ដែងបំផុតនោះ!។ ដូច្នោះមានតែវិធីមួយទេ គឺឆ្លៀតឱកាសដែលចិនបាននិងកំពុងវាតទីកម្លាំងយោធា សំដៅគ្របដណ្ដប់ កាន់កាប់មកលើតំបន់សមុទ្រចិនខាងត្បូងទាំងមូល គំរាមកំហែងមកលើវៀតណាមនិងហ្វីលីពីន រួមទាំងការបង្កភាពភ័យខ្លាចមកលើអាស៊ីអាគ្នេយ៍ និងសន្តិសុខនៅអាស៊ីទាំងមូលនោះ! ដែលនេះអាចជាលេសមួយធ្វើឱ្យអាមេរិកប្រើប្រាស់អស់ថាមពលយោធារបស់ខ្លួនក្នុងការរំកិលចូលមកសមុទ្រចិនខាងត្បូង និងអាស៊ីបូព៌ា បង្កើតទៅជាជំនឿទុកចិត្តមួយសម្រាប់ពួកប្រទេសនៅក្នុងតំបន់ ព្រមទាំងរួមដៃជាមួយកូរ៉េខាងត្បូង ក្នុងការពង្រីកនិងបំបាក់កូរ៉េខាងជើងទៀតផង!។ ទន្ទឹមនេះក៏ដើម្បីប្រមូលផ្ដុំប្រទេសអាស៊ានទាំងអស់ រួមទាំងពួកប្រទេសមហាអំណាចអាស៊ី ដែលមានជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្រ្តាលី រួមទាំងរុស្ស៊ីផងធ្វើការគាបសង្កត់បង្ខំឱ្យចិនវិលមករកស្ថានភាពដើមរបស់ប្រទេសខ្លួនវិញ ក្នុងឋានៈជាប្រទេសចេះគោរពបូរណភាពទឹកដី ដែនសមុទ្រនិងសន្តិសុខក្នុងតំបន់ផង(Sic)!។
មហិច្ឆតាជាយុទ្ធសាស្រ្តរបស់ចិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកគឺជាភាពជាក់ស្ដែងប្រាកដនិយមមែន! ហើយផ្ដើមចេញពីទំនាក់ទំនងជាប្រវត្តិសាស្រ្ត គឺអាស៊ីអាគ្នេយ៍ជាច្រកទ្វារខាងត្បូងរបស់ចិន ដោយចិនមានទំនាក់ទំនងឫសគល់ ស៊ីជម្រៅនៅក្នុងតំបន់នេះពីយូរយាណាស់មកហើយ ដែលចាប់ផ្ដើមពីការតភ្ជាប់ភូមិសាស្រ្ត (មានព្រំដែនរួមជាប់គ្នាជាមួយឡាវ ភូមា និងវៀតណាម) !ទន្ទឹមនេះ ចិនក៏មានសហគមន៍ជនជាតិចិនមួយដ៏ធំ ដែលជាតិចិនមួយនេះ៣៥លាននាក់បានក្ដាប់នៅក្នុងដៃនូវថាមពលសេដ្ឋកិច្ចមួយដ៏មហិមា ឥតគណនាបាននៅគ្រប់ទិសទីនៅក្នុងតំបន់ ហើយបើនិយាយអំពីប្រវត្តិសាស្រ្តវិញ គឺមានប្រទេសអាស៊ីមួយចំនួន ក៏ធ្លាប់ទទួលឥទ្ធិពល និងមានទំនាក់ទំនងជាមួយចិនរាប់សិបរយឆ្នាំកន្លងមកផងដែរ!។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសគឺចាប់តាំងពីសង្រ្គាមត្រជាក់ចប់ ហើយសហរដ្ឋអាមេរិកបានក្លាយទៅជាមហាអំណាចផុតលេខតែមួយគត់មក ចិនក៏បានត្រៀមនិងជំរុញគោលនយោបាយអនុគ្រោះមួយមកកាន់តំបន់អាស៊ីអាគ្នេយ៍ ដោយគោលនយោបាយមួយនេះក៏មានអត្ថប្រយោជន៍សម្រាប់ជនជាតិចិនផងដែរ!។ ចាប់តាំងពីបណ្ដាទសវត្សរ៍ទី៩០ ចិនបានសង្កត់ធ្ងន់មកលើភាព Harmonization ក្នុងតំបន់ ដោយដំណើរនេះបានឆ្លងតាមរយៈការងារការទូតមួយដ៏ទន់ភ្លន់ ដើម្បីConquer ឱ្យបានដោយប្រើប្រាស់នយោបាយអំណាចទន់(Soft power) ដែលវិធីសាស្រ្តក្នុងការConquer ដោយអំណាចទន់នេះបានឆ្លុះបញ្ចាំងតាមរយៈការកសាងឡើងនូវរូបភាពនយោបាយមួយក្នុងភាពជាអ្នកភូមិផងល្អ រួមវិភាគទានដើម្បីវឌ្ឍនភាពសេដ្ឋកិច្ចរបស់ពលរដ្ឋចិនផង និងក៏ដើម្បីប្រជាពលរដ្ឋអាស៊ីអាគ្នេយ៍ផង!។
ភាពទន់ភ្លន់របស់ចិននេះ តែពុំមែនជាការរាថយលើសមុទ្រចិនខាងត្បូងឡើយ!
សមុទ្រចិនខាងត្បូងជាគន្លឹះមួយដ៏សំខាន់ ដោយសំណូមពរនៃការទាមទាររបស់ចិនត្រូវបានបង្ហាញឡើងតាមរយៈផែនទីអក្សរU ដែលខ្សែបន្ទាត់អក្សរUនេះហាក់បីដូចជាបានរត់ជុំសមុទ្រចិនខាងត្បូងដោយផ្លូវរត់មួយនេះបានរត់កាត់ទទឹងបណ្ដាផ្លូវ Main Navigationទាំងអស់លើតំបន់សមុទ្រចិនខាងត្បូង!។ ទាក់ទងដល់ផ្លូវអក្សរUនេះ មន្រ្តីរបស់ចិនទាំងអស់ហាក់បីដូចជាមានការស្ទាក់ស្ទើរ មិនប្រកាសជាសាធារណៈអំពីដែនអធិបតេយ្យភាពរបស់ខ្លួនលើសមុទ្រចិនខាងត្បូងឱ្យថាមានភាពច្បាស់លាស់ត្រង់កន្លែង!ត្រឹមណា! ក៏ប៉ុន្តែបើមានអំពើណាមួយក្នុងការបំពារបំពាន រំលោភមកលើតំបន់អក្សរUនេះ គឺចិននឹងមានប្រតិកម្មយ៉ាងខ្លាំងជាដាច់ខាតដោយអះអាងថា South China Sea as Core Interests of China!។ ក្នុងរាល់សេចក្ដីថ្លែងការណ៍និងសកម្មភាពទាំងឡាយរបស់ចិនក្នុងមួយទសវត្សរ៍កន្លងមកនេះ គឺលែងមានការមន្ទិលសង្ស័យអ្វីទៀតដោយចិនបានអះអាងចាត់ទុក សមុទ្រចិនខាងត្បូងគឺជាដែនអធិបតេយ្យភាពក្នុងអំណាចយុត្តាធិការ ពិតប្រាកដរបស់ចិនដែលមិនអាចប្រកែកបានឡើយ! តែអាចដោយសមត្ថភាពយោធារបស់ចិនលើសមុទ្រចិនខាងត្បូងនៅមានលទ្ធភាពនិងការអំណត់ ទើបចិនអនុវត្តន៍យុទ្ធវិធីបង្កភាពស្រពិចស្រពិលលើបញ្ហា ជាជាងធ្វើឱ្យគម្រោងការនេះច្បាស់លាស់! តែភាពស្រពិចស្រពិលមួយនេះដាច់ខាតមិនអនុញ្ញាតឱ្យទោះបីនរណាម្នាក់បំពានមកលើតំបន់សមុទ្រនេះបានជាដាច់ខាត!។
ឥទ្ធិពលនិងលទ្ធភាពក្នុងយុទ្ធសាស្រ្តរបស់ចិននៅអាស៊ីអាគ្នេយ៍មានភាពជ្រាលជ្រៅនិងមួយថ្ងៃកាន់តែវិវត្តន៍រីកចម្រើន ហើយប្រការនេះត្រូវបានសម្ដែងឡើងយ៉ាងជាក់ស្ដែងដែលពិសេសបំផុតនោះ គឺក្នុងវិស័យសេដ្ឋកិច្ច! ហើយនៅពេលដែលវិបត្តិសេដ្ឋកិច្ចពិភពលោកមកពីបញ្ហាCovidធ្វើឱ្យខឿនសេដ្ឋកិច្ចរបស់អាមេរិក និងអឺរ៉ុបរង្គោះរង្គើ បាក់ទន់ខ្សោយទៅនិងអស់ជំនឿទុកចិត្ត ស្រាប់តែចិនប្រជាមានិតលេចធ្លោឡើងជាដៃគូពាណិជ្ជកម្មមួយដ៏ធំបំផុតរបស់អាស៊ានទៅវិញ! ហើយនេះក៏ប្រហែលពុំមែនជាការចៃដន្យណាមួយនោះទេ គឺដោយក្នុងប៉ុន្មានឆ្នាំមុននេះ តំបន់ពាណិជ្ជកម្មសេរីអាស៊ាន–ចិនចាប់មានដំណើរការចូលជាធរមានដោយយថាភាព!។
ជាតថភាព ទោះបីជាមានកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ានឬតំបន់លើវិស័យសេដ្ឋកិច្ចយ៉ាងនេះក៏ដោយ ក៏វៀតណាមនៅតែមានភាពប្រឈមជាប្រចាំដ៏ច្រើនឥតគណនា ជាពិសេសក្នុងស្ថានភាពដែលវៀតណាមបាននិងកំពុងរំកិលខ្លួនសម្របសម្រួលទៅជាដៃគូយុទ្ធសាស្រ្តជាមួយអាមេរិក! ក្នុងការរួមដៃទប់ទល់ទៅនឹងអានុភាពរបស់ចិនទាំងក្នុងតំបន់ ទាំងនៅលើតំបន់សមុទ្រចិនខាងត្បូងនោះ!។ តែយ៉ាងណាក៏៏ដោយ ក្នុងទស្សនៈវិស័យនៃបរិបទថ្មីមួយនេះវៀតណាមនៅតែត្រូវប្រឈមមុខទៅនឹងបញ្ហាដ៏លំបាកស្មុគស្មាញពីរ ទាំងនៅចំពោះមុខ ទាំងយូរអង្វែងរួមមាន៖
១)– ចំពោះអាមេរិក៖ គឺសហរដ្ឋអាមេរិកមានគោលបំណងដ៏សាមញ្ញបំផុត គឺចង់រក្សាតំបន់សមុទ្រចិនខាងត្បូងនេះឱ្យនៅតែជាតំបន់ដែលនាវាចរណ៍អន្តរជាតិអាចធ្វើដំណើរទៅមកដោយសេរី បើកចំហរ និងសុវត្ថិភាព! អាមេរិកមានអត្ថប្រយោជន៍ជាតិតែមួយគត់នៅក្នុងតំបន់សមុទ្រនេះ ក្នុងករណីដែលអាមេរិកការពារបាននូវសិទ្ធិសេរីភាពក្នុងការធ្វើនាវាចរណ៍ ព្រមទាំងរក្សាតំបន់សមុទ្រនេះឱ្យនៅតែជាតំបន់សេរីនិងបើកចំហរ! ដូច្នោះ ការចូលរួមរបស់អាមេរិកនៅក្នុងតំបន់សមុទ្រចិនខាងត្បូងគឺមានចរិតFair និងសត្យានុម័តបំផុត ដោយពុំមែនជាការBinding ត្រូវនឹងការការពារអធិបតេយ្យ បូរណភាពដែនដី ឬផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសណាមួយឡើយ!។
២)–ចំពោះចិនវិញ៖ ដោយទទួលរងសម្ពាធពីសហគមន៍អន្តរជាតិ ជាពិសេសគឺអាមេរិក ក្នុងការបង្ខំឱ្យចិនដែលអាចបោះបង់នូវទស្សនៈទានហៅថា “ Core interests”នោះ តែបើចិនវិញ ប្រហែលជាដាច់ខាតមិនបោះបង់ចោលនូវផ្លូវអក្សរU ដែលចិនបានគូសកំណត់លើសមុទ្រចិនខាងត្បូងរួចហើយនោះ! មុននិងក្រោយ ដាច់ខាតចិននឹងការពារអក្សរUនៅលើសមុទ្រចិនខាងត្បូងនេះ ដែលជាសក្ខីកម្មមួយមិនអាចប្រកែកបាន អំពីសកម្មភាពវាតទីអំណាចរបស់ចិនដែលផ្លូវអក្សរUនេះបានគ្រប់ដណ្ដប់អស់៨០%នៃវិសាលភាពលើសមុទ្រចិនខាងត្បូងអស់ទៅហើយនោះ!។
COCក៏ពុំមែនជាដំណោះស្រាយល្អដូចការរំពឹងនោះឡើយ!
Code of Conduct (COC)ពុំមែនជានីតិលក្ខណៈ(Statute)របស់សន្ធិសញ្ញាអន្តរជាតិ ដូច្នោះCOCនឹងមិនត្រូវបានផ្ដល់សច្ចានុម័ត(Ratification)ឡើយ ដែលទោះបីជាCOCនេះ មានលក្ខណៈជាសំណុំឯកសារទាក់ទងទៅដល់សន្តិភាព សន្តិសុខព្រំដែន បូរណភាព និងអធិបតេយ្យភាពរដ្ឋក៏ដោយចុះ! ទាំងអស់នេះហើយ ដែលជាឧបសគ្គក្នុងការអនុវត្តន៍COCរបស់ពួកប្រទេសក្នុងតំបន់ទាំងអស់ ដែលមានការពាក់ព័ន្ធនោះ!។
ផ្ដើមចេញពីបរិបទនេះហើយ ទើបមានការព្យាករណ៍និងទិសដៅដោះស្រាយជាមុនថា ហេតុផលទាំងឡាយខាងលើនេះអាចជាជំនួយស្មារតីក្នុងការជួយដល់ប្រទេសទាំងអស់ សុំកុំចំណាយពេលដ៏ឥតប្រយោជន៍ក្នុងការកសាងCOCដែរទីបំផុត ពុំបាននាំមកនូវលទ្ធផលជាវិជ្ជមានណាមួយឡើយ! ព្រោះឯកសារCOCចុងក្រោយ ក៏ពុំមានចរិតគតិយុត្តិណាមួយច្បាស់លាស់ផងដែរ ព្រោះពុំមានValue of binding ដូចឯកសារDOC អីចឹងផងដែរ!។ ដូច្នោះ អ្វីទៅដែលជាដំណោះស្រាយមួយដ៏ល្អសម្រាប់បញ្ហាខាងលើនេះ! វិធីសាស្រ្តដ៏ល្អបំផុតនោះ គឺការឆ្ពោះទៅធ្វើសន្ធិសញ្ញាអំពីConduct លើសមុទ្រចិនខាងត្បូងវិញ!
ទីមួយ៖វិធានការដ៏សាមញ្ញបំផុតនោះ គឺពួកប្រទេសពាក់ព័ន្ធចាំបាច់ត្រូវរួមគ្នាកសាងសន្ធិសញ្ញាស្ដីពីConduct of South China Sea ! ព្រោះសន្ធិសញ្ញានេះ អាចមានខ្លឹមសារច្រើនប្រហាក់ប្រហែលដូចគ្នាទៅនឹងCOC ដែលមានការបំពេញបន្ថែមមកលើប្រការនិងមាត្រាខ្លះអំពីប្រសិទ្ធភាពជាគតិយុត្តិនោះ!
ទីពីរ៖ការកសាងសន្ធិសញ្ញាស្ដីពី Conduct of South China Sea អាចត្រូវបានចាត់ទុកថាកិច្ចការមួយមិនប្រាកដនាពេលនេះ ព្រោះអីដំណើរការកសាងCOCបាននិងកំពុងជួបប្រទះទៅនឹងការលំបាករួចទៅហើយ!ដូច្នោះដើម្បីជាទស្សនៈវិស័យ ពួកប្រទេសពាក់ព័ន្ធទាំងអស់គួររៀបចំជាRoadmap មួយឱ្យហើយក្នុងការឆ្ពោះទៅកសាងសន្ធិសញ្ញា (Treaty)ដូចការនិយាយខាងលើនេះ!។
ពួកអ្នកច្បាប់មើលឃើញថា ការកសាងឡើងនូវសន្ធិសញ្ញាស្ដីពី Conduct on the South China Sea នេះ ដែលទោះបីជាមានការលំបាកជាងការកសាងCOCក៏ដោយ ក៏មិនមានបញ្ហាជាជាងការខុសគ្នាមួយដ៏ឆ្ងាយពីភាពគតិយុត្តិរវាងTreaty និងCOCនោះដែរ! ហើយដើម្បីជំនះឱ្យបាននូវការលំបាកមួយនេះ គឺចាប់ពីពេលនេះទៅ ពួកប្រទេសពាក់ព័ន្ធនិយាយដោយឡែក និងពួកប្រទេសអាស៊ាននិយាយជារួម ត្រូវចាប់ផ្ដើមម្ចាស់ការក្នុងការលើកឡើង និងសកម្មឆ្ពោះទៅជំរុញការកសាងTreaty on the Conduct of the South China Sea ពីពេលនេះតទៅបានហើយ!។
សហរដ្ឋអាមេរិក ជាប្រទេសធំមានផលប្រយោជន៍ច្រើនពាក់ព័ន្ធលើគ្រប់ទិសទីក្នុងពិភពលោក ដែលជួនពេលខ្លះផលប្រយោជន៍ទាំងនេះមានសារសំខាន់ជាងសេរីភាពនាវាចរណ៍លើសមុទ្រចិនខាងត្បូងទៀតផង! ដោយឡែកចិនក៏ជាប្រទេសធំមួយដែលមានមុខទំនិញជាសេដ្ឋកិច្ច និងនយោបាយផង ដែលមុខទំនិញទាំងនេះអាចយកមកប្រើប្រាស់អូសទាញ និងដើម្បី “Bargain” ជាមួយអាមេរិក ជាពិសេសគឺនៅពេលដែលចិនអាចបញ្ចុះបញ្ចូល អាមេរិកបានថា ចិននឹងមិនធ្វើនូវទោះបីអំពើណាមួយដែលមានឧបសគ្គឬការប៉ះពាល់ដល់សេរីភាពនាវាចរណ៍លើសមុទ្រចិនខាងត្បូងនិយាយដោយឡែក ឬមួយក៏ចិនត្រូវមានឥរិយាបថFair treatment ក្នុងឋានៈជាមហាអំណាចមួយដែលមានការទទួលខុសត្រូវខ្ពស់និយាយជារួម។ ហើយមិនត្រឹមប៉ុណ្ណោះ ចិនក៏នឹងមានសិល្បៈការទូតបន្ថែមទៀត ក្នុងការធ្វើឱ្យអាមេរិក មានការធុញទ្រាន់លែងចង់គិតគូរនឹកនាដល់តំបន់សមុទ្រចិនខាងត្បូងទៀត ដូចករណីតៃវ៉ាន់និងទីបេ ដែលយូរទៅបានក្លាយទៅជា Fait accompliនោះ!។
ការវិវាទអំពីអធិបតេយ្យភាពលើតំបន់សមុទ្រ កោះ ដែលមួយថ្ងៃកាន់តែមានចរិតតានតឹង ស្រួចស្រាវឡើងៗរវាងពួកប្រទេសនៅក្នុងតំបន់ ដោយចិនដាច់ខាតមិនបោះបង់ចោលនូវគំនិត Core interests របស់ចិនចំពោះសមុទ្រចិនខាងត្បូង ដែលនេះជាដុំសាច់មួយដែលមិនអាចធ្វើការវះកាត់យកចេញពីបំពង់ករបស់ពួកប្រទេសពាក់ព័ន្ធបានឡើយ!។
លទ្ធិជាតិនិយមនៅប្រទេសចិន ជាបច្ច័យចម្បងដែលនាំឱ្យមានការពុះកញ្ជ្រោលឡើងនៃបញ្ហាសមុទ្រចិនខាងត្បូង!
ព្រោះរហូតមកដល់ពេលនេះ ចិននៅតែប្រកាន់ ទាមទារយក “ សិទ្ធិប្រវត្តិសាស្រ្ត” និង “ ដែនអធិបតេយ្យភាពមិនអាចប្រកែកបាន” មាន៨០%លើសមុទ្រចិនខាងត្បូង!ហើយនៅពេលដែលលទ្ធិជាតិនិយមឡើងដល់កម្រិតក្ដៅ គួបផ្សំទៅនឹងការកើនឡើងនូវអានុភាពយោធាផងលទ្ធផលចុងក្រោយ គឺជាកត្តាដែលអាចនាំឱ្យមានអស្ថិរភាពមិនឈប់ឈរនៅក្នុងតំបន់មួយនេះតែម្ដងទៅ!។
ដោយមើលឃើញនូវហេតុផល Direct impact មួយយ៉ាងដូច្នោះ ទើបបានធ្វើឱ្យវៀតណាមមានយុទ្ធវិធី៣យ៉ាងដោយ ១)បន្តការតស៊ូមតិ និងសហប្រតិបត្តិការជាមួយពួកប្រទេសធំ ២)សម្របសម្រួលបត់បែនទាំងជាមួយចិនទាំងជាមួយអាមេរិក ៣)អនុវត្តន៍នូវគោលនយោបាយពហុភាព និងជួយឱ្យវៀតណាមមានការគាំទ្រពីខាងក្រៅដើម្បីសម្រួលដល់ការទាក់ទងជាមួយចិន លើបញ្ហាសមុទ្រចិនខាងត្បូងតែម្នាក់ឯង!
*អំពីការតស៊ូមតិ និងសហប្រតិបត្តិការ៖វៀតណាមមានវិធីសាស្រ្តក្នុងការប្រឆាំងចិន ហើយបន្ទាប់មកវិលមកសហការជាមួយចិនវិញ តែមិនបណ្ដោយទុកឱ្យបញ្ហាសមុទ្រចិនខាងត្បូងជាឧបសគ្គចម្បងក្នុងការរារាំងដល់ទំនាក់ទំនងទ្វេភាគីឡើយ! ការប្រឆាំងរបស់វៀតណាម គឺរួមមានការបង្កើនសមត្ថភាពទាំងកងទ័ពជើងទឹក ទាំងកងទ័ពជើងអាកាស និងទំនើបកម្មអាវុធយុទ្ធភ័ណ្ឌ!។
*អំពីការសម្របសម្រួលនិងការបត់បែននោះ៖ គឺវៀតណាមចេះរមៀលខ្លួន កេងយកចំណេញ ពីផលប្រយោជន៍ជាក់ស្ដែងទាំងរបស់ចិនទាំងរបស់អាមេរិក សំដៅបម្រើគោលដៅឱ្យប្រទេសខ្លួន! ដោយគ្មានប្រទេសណាមួយ អាចបង្ខំឱ្យវៀតណាមឈរនៅក្នុងជួរនេះ ឬលំអៀងទៅរកខាងណាមួយឡើយ!។
*អំពីគោលនយោបាយពហុភាព៖ បានសម្រួលឱ្យវៀតណាមមានឱកាសបញ្ចុះបញ្ចូល អូសទាញពួកប្រទេសខាងក្រៅ ឱ្យចូលរួមក្នុងសង្វៀនទំនាស់ជាមួយខ្លួន រួមមានជប៉ុន អូស្រ្តាលី អង់គ្លេស បារាំង និងឥណ្ឌាផងដែរ!
វៀតណាមដឹងច្បាស់ថា ប្លុកអាស៊ានទាំងមូលពុំមានការឯកច្ឆ័ន្ទ ជាពិសេសគឺបញ្ហាភូមាថ្មីៗនេះ ជាឧទាហរណ៍ជាក់ស្ដែងបំផុត! ដូច្នោះ នឹងមានប្រទេសអាស៊ានខ្លះ និងមិនលើក ឬឯកភាពទៅនឹងការលើកឡើងនូវបញ្ហាសន្តិសុខនាវាចរណ៍ ដូចបញ្ហាសមុទ្រចិនខាងត្បូងនៅក្នុងបណ្ដាវេទិកាពហុភាគីឡើយ! ក្រៅពីនេះ ក៏អាចមានប្រទេសអាស៊ានខ្លះចង់ទុកឱ្យវៀតណាម និងហ្វីលីពីនដើរចូលទៅរូងខ្លា ព្រោះវៀតណាមធ្លាប់បានតាំងខ្លួនជាបងធំនៅអាស៊ី ជាអ្នកដែលធ្លាប់វាយឈ្នះមហាយក្សទាំង៤ ក្នុង១០០ឆ្នាំកន្លងមកនេះ អាណានិគមនិយមបារាំង ហ្វាក់ស៊ីសជប៉ុន ចក្រពត្តិអាមេរិក ចុងក្រោយពួកអនុត្តរភាពវាតទីនិយមចិន! តែលើកនេះ ក្នុងសតវត្សរ៍ទី២១សូមកុំអូសទាញពួកគេធ្លាក់ទៅក្នុងការប្រទូស្តរាយជាមួយចិនបានហើយ! តែវៀតណាមម្នាក់ឯងទៅ!។
សមុទ្រចិនខាងត្បូង ទីលានក្ដៅរបស់តំបន់និងពិភពលោក!៖
នៅក្នុងសតវត្សរ៍ទី២០ របស់ទសវត្សរ៍ទី៩០ ពិភពលោកច្រើនតែឃើញមានការប៉ះទង្គិចប្រទូស្តរាយគ្នានៅលើដែនគោក ដែលជាពិសេសច្រើនតែកើតឡើងមាននៅក្នុងទ្វីបអឺរ៉ុបនិងមជ្ឈឹមបូព៌ា! ក៏ប៉ុន្តែពេលដែលឈានចូលសតវត្សរ៍ទី២១មក ដោយមានកំណើនប្រជាសាស្រ្ត និងស្ថានភាពទម្ងន់សេដ្ឋកិច្ចមក ក៏មានការប្រមូលផ្ដុំភាពសំខាន់ៗបានប្រែទិសមកកាន់តំបន់អាស៊ីវិញ ជាកន្លែងស្នូលកណ្ដាលរបស់តំបន់ធំៗដែលត្រូវបានបែងចែកខណ្ឌសីមាទៅដោយសមុទ្រសាគរនោះ! លក្ខណៈពិសេសរបស់រូបសណ្ឋានអាស៊ីនេះ ជាចំណុចមួយដែលគេទាំងឡាយបានព្យាករណ៍មួយសករាជមុននេះ អំពីអានុភាពកងទ័ពជើងទឹកដែលអ្នកទាំងឡាយយល់ថា នោះគឺរួមទាំងការប្រយុទ្ធគ្នាលើសមុទ្រនិងអាកាស ដែលដំណើរវិវត្តន៍បច្ចុប្បន្នកំពុងរុលទៅរកភាពមួយដ៏តានតឹងយ៉ាងដូច្នោះពិតប្រាកដមែន!។
មូលហេតុចម្បងដែលបាននាំឱ្យសមុទ្រចិនខាងត្បូងក្លាយទៅជាធុងរំសេវផ្ទុះនោះ ដោយសមុទ្រចិនខាងត្បូងនេះបានលាតសន្ធឹងតភ្ជាប់ទៅនឹងតំបន់អាគ្នេយ៍ ជាមួយនឹងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ដែលសមុទ្រចិនខាងត្បូងនេះមានមុខងារជាផ្លូវនាវាចរណ៍មួយដ៏សំខាន់នៅលើពិភពលោក!។ សមុទ្រចិនខាងត្បូងនេះ ក៏ជាចំណុចកណ្ដាលរបស់សមុទ្រអាស៊ី–អឺរ៉ុប ដោយបានស្ថិតនៅចន្លោះកណ្ដាលដែលបានបែងចែកទៅជាឈូងសមុទ្រMalacca Sunda Lombok និងMakassar ។ មានទំនិញជាងពាក់កណ្ដាលបានដឹកជញ្ជូនឆ្លងកាត់ឈូងសមុទ្រMalaccaជាប្រចាំទៅកាន់តំបន់អាស៊ីខាងកើត ដោយបានធ្វើដំណើរនាវាចរណ៍លើសមុទ្រចិនខាងត្បូងនេះ ដែលទំហំមួយនេះស្មើនឹង១/៣នៃទំនិញរបស់ពិភពលោកដែលបានប្រើប្រាស់ផ្លូវគមនាគមន៍នាវាចរណ៍មួយនេះ។ ក្រៅពីនេះចំនួនប្រេងឥន្ធនៈដែលត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រMalacca ទៅកាន់តំបន់អាស៊ីខាងកើត ក៏បានធ្វើដំណើរលើសមុទ្រចិនខាងត្បូងនេះ មានចំនួនច្រើនលើស៦ដងនៃចំនួនប្រេងដែលបានដឹកជញ្ជូនឆ្លងកាត់ព្រែកជីកSuez និងលើស១៧ដងនៃការឆ្លងកាត់ព្រែកជីកPanamaនោះផង! ដែលក្នុងពេលនោះក៏មានប្រេងឥន្ធនៈចំនួន២/៣ជាការផ្គត់ផ្គង់ប្រភពថាមពលឱ្យកូរ៉េខាងត្បូង និងជិត៦០%ទៅឱ្យជប៉ុននិងតៃវ៉ាន់ ព្រមទាំងមានប្រមាណ៨០%ចំនួនប្រេងរបស់ចិនដែលបាននាំចូល ហើយដែលត្រូវបានដឹកឆ្លងកាត់សមុទ្រចិនខាងត្បូងនេះផងដែរ!។ ទន្ទឹមនេះ ក្រោមបាតសមុទ្រចិនខាងត្បូងនេះផងដែរ ក៏សំបូរទៅដោយធនធានធម្មជាតិដែលក្នុងនោះមានប្រភពប្រេង អាចមានរហូតដល់ទៅជាង៧កោដិធុង និងហ្គាសធម្មជាតិប្រមាណ៩០០ពាន់កោដិម៉ែត្រគូបឯណោះ!។
មានវិវាទយ៉ាងច្រើនដែលកើតមានឡើងលើតំបន់សមុទ្រចិនខាងត្បូងដែលទំនាស់វិវាទនេះ មិនត្រឹមតែទាក់ទងដល់ភូមិសាស្រ្តនយោបាយ សម្បត្តិធម្មជាតិ ថែមទាំងមានការពាក់ព័ន្ធដល់អធិបតេយ្យភាពមកលើដែនសមុទ្រ កោះដែលក្នុងនោះ រួមទាំងការវិវាទទាក់ទងដល់ប្រជុំកោះSpratlyផងដែរ!។ ចិនបានធ្វើការទាមទារអធិបតេយ្យភាពមកលើដែនសមុទ្រក្នុងអក្សរU ដែលក្នុងខ្សែបន្ទាត់អក្សរUនេះបានរត់ពីកោះHainamភាគខាងត្បូងរបស់ចិន ចុះមកដល់់រហូតដល់ជិតដែនទឹករបស់សិង្ហបុរី ម៉ាឡេស៊ីនិងហ្វីលីពីន!។ អនុលោមទៅតាមការទាមទារទាំងនេះរបស់ចិន បានធ្វើឱ្យ៩ប្រទេសដែលស្ថិតជាប់ទៅនឹងតំបន់សមុទ្រចិនខាងត្បូងហាក់បីឈរទៅម្ខាង ដើម្បីប្រឆាំងជំទាស់ទៅនឹងការទាមទារដ៏មិនសមហេតុផលរបស់ចិននោះ!។
ជាការពិតសមុទ្រចិនខាងត្បូងនោះ ត្រូវបានប្រែក្លាយទៅជាមូលដ្ឋានយោធាមួយដែលប្រទេសនីមួយៗបានជំរុញកសាងនិងទំនើបកម្មកងទ័ពជើងទឹករបស់ខ្លួនមិនបានឈប់ឈរសោះឡើយ! ហើយដែលនៅក្នុងពេលថ្មីៗនេះ មាននាវាចម្បាំងគ្រប់ប្រភេទរបស់មហាអំណាចទាំងអស់ចាប់មានមុខចល័ត និងធ្វើសកម្មភាពនៅទីនេះកាន់តែច្រើនឡើងនិងសកម្មផុសផុលទៅៗ។ ជាតថភាព ចិនបានកាន់កាប់ជាយោធាមកលើកោះតូចៗចំនួន៨នៅក្នុងតំបន់សមុទ្រចិនខាងត្បូង បើវៀតណាមវិញបានកាន់កាប់២៥កោះ ហ្វីលីពីនកាន់កាប់៨កោះ ម៉ាឡេស៊ីកាន់កាប់៥កោះ និងតៃវ៉ាន់កាន់កាប់កោះ១ ដែលជាកោះធំជាងគេបំផុតនៅក្នុងតំបន់សមុទ្រនេះ!។
មួយសតវត្សរ៍នៃការឈឺចាប់របស់ប្រជាជាតិចិន!
មូលបទចម្បងដែលនាំឱ្យចិនមានមហិច្ឆតាចង់កាន់កាប់សមុទ្រចិនខាងត្បូងនេះទាំងអស់នោះ ត្រូវបានបកស្រាយដោយពួកអ្នកវិភាគយុទ្ធសាស្រ្តបានធ្វើការប្រៀបធៀប តួនាទីរបស់ចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូងបច្ចុប្បន្ននេះ មិនខុសអីទៅនឹងតួនាទីរបស់អាមេរិកលើតំបន់សមុទ្រ Caribbe នាសតវត្សរ៍ទី១៩អីចឹង! ដោយពេលនោះទោះបីជាអាមេរិកបានទទួលស្គាល់វត្តមាននិងការអះអាងអំពីអធិបតេយ្យភាពរបស់មហាអំណាចអឺរ៉ុបនៅក្នុងតំបន់សមុទ្រCaribbe នេះក៏ដោយ ក៏អាមេរិកនៅតែស្វែងរកគ្រប់វិធានការដើម្បីធ្វើការត្រួតត្រា គ្រប់គ្រងមកលើតំបន់សមុទ្រCaribbe នេះ ដោយត្រូវផាត់ពួកចក្រពត្តិអឺរ៉ុបពេលនោះឱ្យចេញផុតពីតំបន់សមុទ្រCaribbeនេះឱ្យបាន! និងក៏ដើម្បីរុញពួកចក្រពត្តិអឺរ៉ុបទាំងនេះឱ្យឆ្ងាយពីព្រំដែនគោក និងសមុទ្ររបស់អាមេរិក! ការដណ្ដើមឥទ្ធិពល ដើម្បីត្រួតត្រាសមុទ្រនេះ បាននាំឱ្យមានសង្រ្គាមរវាងអាមេរិកនិងពួកអេស្ប៉ាញនាឆ្នាំ ១៨៩៨ និងរួមទាំងមានការជំរុញឱ្យមានការកសាងព្រែកជីកPanamaឱ្យបានចាប់តាំងពីបណ្ដាឆ្នាំ១៩០៤–១៩១៤ ដែលការសាងសង់ព្រែកជីកPanamaនេះបានធ្វើឱ្យសហរដ្ឋអាមេរិក កាន់តែមានសិទ្ធិអំណាចលើតំបន់អឌ្ឍគោលខាងកើតយ៉ាងពេញលេញនិងមានប្រសិទ្ធភាពទៀតផង មកលើតំបន់នេះទាំងមូល!។
បច្ចុប្បន្ននេះ ចិនកំពុងស្ថិតនៅក្នុងតំបន់សមុទ្រចិនខាងត្បូងដូចករណី១០០ឆ្នាំមុនរបស់អាមេរិក ដែលអាមេរិកបានអុងអាត់វាតទីនៅលើតំបន់សមុទ្រCaribbeអីចឹងដែរ!។ ចិនក៏មានបំណងចង់ឱ្យកងទ័ពជើងទឹករបស់ខ្លួនមានវត្តមានជាអចិន្ត្រៃយ៍ ដើម្បីផ្ដល់ការការពារដល់ផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈពីមជ្ឈឹមបូព៌ាមកកាន់ប្រទេសចិន។ ក្រៅពីនេះ ចិនក៏មានមូលហេតុជ្រាលជ្រៅជាងនេះ ដែលនាំឱ្យចិនធ្វើដំណើរកាន់តែជ្រៅទៅៗក្នុងតំបន់សមុទ្រចិនខាងត្បូង និងចូលជ្រៅទៅទៀតក្នុងមហាសាគរប៉ាស៊ីហ្វិក! ព្រោះចិនធ្លាប់រងនូវការឈឺចាប់ខ្លោចផ្សារ ពីអំពើឈ្លានពានទន្ទ្រានកាន់កាប់ បែងចែក កាត់ទឹកដីចិនពីសំណាក់ពួកចក្រពត្តិលោកខាងលិចមាន អង់គ្លេស បារាំង រុស្ស៊ី និងហ្វាក់ស៊ីសជប៉ុន អស់រយៈកាលជាង១០០ឆ្នាំមុននោះ!ដែលក្នុងប្រវត្តិសាស្រ្តដ៏ឈឺចាប់របស់ចិនបានឱ្យឈ្មោះសករាជនេះហៅថាមួយ សតវត្សរ៍នៃឈាមនិងទឹកភ្នែករបស់ប្រជាជាតិចិននោះ!
ភាពរឹងរូសដាច់ខាតក្នុងការវាតទីរបស់ចិនមកលើតំបន់នេះជាសក្ខីកម្មមួយរបស់ចិនចង់បង្ហាញឱ្យពួកចក្រពត្តិ អាណានិគមលោកខាងលិច ឈប់មាក់ងាយមកលើប្រជាជាតិចិនចាប់ពីពេលនេះតទៅទៀត! ហើយក៏ចាប់ពីពេលនេះតទៅដែរ ចិនអាចនឹងចាប់ផ្ដើមអនុវត្តន៍នូវបាវចនា “ អ្នកខ្លាំងអាចធ្វើបាននូវអ្វីៗទាំងអស់ទៅតាមកម្លាំងធនធានរបស់ខ្លួន ហើយជនដែលខ្សោយត្រូវទទួលរងនូវអ្វីដែលគេធ្វើមកលើ”នោះ(Sic)!។
លើមូលបទនេះ ទើបមានការវាយតម្លៃរបស់ពួកអ្នកវិភាគអន្តរជាតិថា វត្តមានរបស់អាមេរិកគឺជាការធានាមួយក្នុងការកំហិតនូវអានុភាពចំពោះចិននៅក្នុងតំបន់! ទន្ទឹមនឹងនេះអាមេរិកក៏បានបំពេញតួនាទីមួយជាអ្នកសម្របសម្រួលលើការងារការទូតផង ជាអ្នកត្រួតពិនិត្យនិងឃ្លាំមើលនូវកងកម្លាំងជើងទឹករបស់ចិននៅទីនេះផងដែរ! ការធ្វើឱ្យមានតុល្យភាពកម្លាំងមួយរវាងអាមេរិក និងចិននៅក្នុងតំបន់នេះ អាចជាថ្នាលក្នុងការជួយសម្រួលឱ្យវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ល- ល…បានបន្តរស់នៅក្នុងបរិយាកាស “ផាសុខភាព” ណាមួយ! តែក្នុងករណីដែលពួកប្រទេសទាំងនេះចង់ “កាន់សីល” តែស្រាប់តែមានសកម្មភាពហួសហេតុ បង្ករឿងណាមួយនោះ អាចជាបច្ច័យអវិជ្ជមានក្នុងការនាំឱ្យមហាយក្សទាំងពីរនេះអាមេរិកនិងចិន មានការប៉ះទង្គិច ប្រទូស្តរាយគ្នា មិនធំក៏តូចជាមិនខានផងដែរ!។
តែយ៉ាងណាក៏ដោយ នៅចំពោះមុខអានុភាពមួយថ្ងៃកាន់តែរីកធំធាត់មិនឈប់ឈររបស់ចិន និងការប្ដេជ្ញាចិត្តវិលមកតាំងទីលំនៅសារជាថ្មីរបស់អាមេរិក(Pivot ឬRebalancing) នៅក្នុងតំបន់អាស៊ីនេះ ក៏អាចជាប្រភពបង្កបង្កើតឱ្យមានអស្ថិរភាពនៅពេលដែលផលប្រយោជន៍ដាច់មុខរបស់មហាយក្សពីរនេះ មានការកកិតប៉ះទង្គិចគ្នានោះ ម្យ៉ាងទៀតមកពីនយោបាយ Pivot ឬRebalancingនេះ ត្រូវបានDeployment នៅក្នុងតំបន់ឥទ្ធិពល និងជិតព្រំដែនរបស់ចិនពេក!។
តែបើតាមការវិភាគរបស់លោកKaplan គឺអាមេរិកទេដែលជាអ្នកធ្វើឱ្យមានបញ្ហានៅក្នុងពេលអនាគតនោះ ពុំមែនចិនឡើយ! ព្រោះអាមេរិកជាអ្នកដែលតែងតែស្វែងរកនូវគ្រប់វិធានដើម្បីរារាំង ទប់ស្កាត់ចិន! ក្នុងបរិបទមួយនេះ លោកKaplan បានផ្ដល់អនុសាសន៍ជូនទៅអាមេរិកថា អាមេរិកគួរតែបំពេញតួនាទីធ្វើឱ្យមានតុល្យភាពប្រកបទៅដោយសុខភាពល្អ(Healthy)នៅអាស៊ី វាមានភាពល្អជាងធ្វើជាអ្នកដើរត្រួតត្រាគេ ព្រោះអីអំណាចរឹង(Hard power) នៅតែជាកូនសោរមួយដ៏សំខាន់ក្នុងទំនាក់ទំនង សហប្រតិបត្តិការអន្តរជាតិ!ដូច្នោះអាមេរិកចាំបាច់បង្កើនកម្លាំងទ័ពជើងទឹកនៅអាស៊ីប៉ាស៊ីហ្វិកខាងលិច តែក៏មិនត្រូវកាត់បន្ថយកម្លាំងដែលមានស្រាប់នៅទីនេះផងដែរ!។
បង្កើតយន្តការដើម្បីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង
ក្រៅអំពីយន្តការផ្លូវការដូចជា ASEAN, ARF, ASEM, EAS, Shangrila Dialogue, ADMM+8, ក៏មានសន្ធិសញ្ញាដូចជា TAC, ZOFAN, ZoPFF/C, SEANWFZ និងក្រមប្រតិបត្តិពីរ DOC និងCOCក៏មានរូបមន្តនយោបាយដូចជា GAPAC, Pact+Asia-Pacifica , Pact-Sinica ត្រូវបានស្នើបង្កើតឡើងដើម្បីចូលរួម និងជាRoadmap សម្រាប់ដោះស្រាយដល់រាល់បញ្ហាដែលបានកើតឡើងលើសមុទ្រចិនខាងត្បូង!។
ក្នុងបណ្ដាបញ្ហាដ៏រសើបនិងស្មុគស្មាញទាំងនេះ ពិសេសករណីភូមាថ្មីៗកន្លងមកនេះ គឺរាល់សំឡេងស្រែករបស់អាស៊ានកាន់តែអស់ទឹកដម ហើយពាក្យស្លោកអាស៊ាន “One Vision, One Identity, One Community” កាន់តែសាបរលាបអស់ជំនឿនៅក្នុងតំបន់ទៀត កុំថាឡើយយន្តការទាំងអស់ខាងលើនេះ ក៏គ្មានដោះស្រាយបានឡើយ!។
សមុទ្រចិនខាងត្បូងជាផ្ទះបាយរបស់ចិន ព្រមទាំងជាការព្រមានដល់អាមេរិកថា អាមេរិកពុំមាននីតិសម្បទានគ្រប់គ្រាន់ក្នុងតំបន់ និងកុំប្រែក្លាយតំបន់សមុទ្រដែលស្ថិតនៅឆ្ងាយពីភូមិសាស្រ្តរបស់ប្រទេសអាមេរិកឱ្យទៅជាតំបន់ “ល្បែងលេងសង្រ្គាម” ព្រមទាំងកុំយកបញ្ហាសមុទ្រចិនខាងត្បូងធ្វើជាចំណាប់ខ្មាំងក្នុងទំនាក់ទំនងរវាងអាមេរិកនិងចិនឡើយ!។បើលោក Cui Tiankai អនុរដ្ឋមន្រ្តីការបរទេសចិនវិញ ពេលដែលចូលរួមកិច្ចប្រជុំពិគ្រោះយោបល់នយោបាយនៅHawaii បានប្រកាសថា មានប្រទេសខ្លះបាននិងកំពុងប្រលែងលេងជាមួយនឹងភ្លើង ហើយសង្ឃឹមថាភ្លើងនោះនឹងមិនឆាបឆេះរីករាលដាលទៅដល់អាមេរិកឡើយ!។
វៀតណាមក្នុងបញ្ហាស្មុគរបស់សមុទ្រចិនខាងត្បូង!
ទាក់ទងដល់បញ្ហាអធិករណ៍លើសមុទ្រចិនខាងត្បូងនេះ ជាលើកដំបូងអតីតនាយករដ្ឋមន្រ្តីវៀតណាមបានប្រកាសជាសាធារណៈថា ចិនបានប្រើប្រាស់កម្លាំងអាវុធវាយទន្ទ្រានកាន់កាប់់បណ្ដាកោះរបស់វៀតណាមពីអតីតរដ្ឋអំណាចសាធារណៈរដ្ឋវៀតណាម(Thieu+Ky) នាឆ្នាំ១៩៧៤ ដែលពីដើមឡើយថ្នាក់ដឹកនាំរបស់វៀតណាមទាំងអស់មានការថ្លឹងថ្លែង ប្រុងប្រយ័ត្ន ដោយពុំដែលហ៊ាននិយាយជាចំហរថា ចិនបានប្រើប្រាស់កម្លាំងបាយជាយោធាក្នុងការវាយកាន់កាប់កោះParacel របស់វៀតណាមឡើយ!ដោយចៀសវាងភាពប្រឈមមុខជាមួយចិន! តែពេលនេះទោះបីជាវៀតណាមបានអះអាងយ៉ាងម៉ឺងមាត់ដូច្នោះក៏ដោយ ក៏វៀតណាមនៅតែបានអំនាវនាវឱ្យមានការចរចា ដោយសន្តិវិធីដើម្បីដោះស្រាយបញ្ហាកោះParacel! តែចំពោះចិនវិញបានបដិសេធដាច់អហង្ការដោយចាត់ទុកParacelជា “អង្ករបានក្លាយទៅជាបាយហើយ– Fait Accompli” រួចទៅហើយ!។
ទោមនស្សទៅនឹងឥរិយាបថនយោបាយរបស់ចិនធ្វើមកលើវៀតណាមជាបន្តបន្ទាប់មក ទើបក្នុងឱកាសចូលរួម Shangrila Dialogue នៅសិង្ហបុរី លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung បានប្រកាសថានឹង មិនយកអធិបតេយ្យភាពទៅដោះដូរយកចំណងមិត្តភាពមួយដែលមិនច្បាស់លាស់ ស្រមើស្រមៃនោះ(Not to trade Sovereignty for illusionary friendship)!សំដៅមកលើចំណងមិត្តភាពជាមួយចិននេះឯង!
ទាំងអស់នេះក៏ជាសហនិមិត្តហេតុមួយដ៏អាក្រក់ដែលវៀតណាម ក្នុងប្រវត្តិសាស្រ្តធ្លាប់ក៏បានរំលោភបំពានមកលើនគរចម្ប៉ានិងដែនដីកម្ពុជាក្រោមរួមទាំងជនជាតិដើមជាច្រើនទៀត! អ្វីដែលជារបស់ Cesar ត្រូវតែសងមកឱ្យCesarវិញ!។ ប្រជាជាតិខ្មែរទេដែលត្រូវនិយាយជាមួយវៀតណាមអំពី មិនត្រូវយកអធិបតេយ្យភាពជាតិទៅដោះដូរយកចំណងមិត្តភាពមួយដែលមិនមានការស្មោះត្រង់នោះ!។ ពិតមែនតែយើងទាំងអស់គ្នា បានគោរពនូវគោលការណ៍ Uti Possidetis និងការប្រតិបត្តិនូវគោលការណ៍Pacta Sunt Servanda ក្នុងទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិក៏ដោយ ក៏យើងអាចធ្វើសេចក្ដីសន្និដ្ឋានថា វៀតណាមបានច្រើនណាស់ពីខ្មែរ ដែនដីកម្ពុជាក្រោមមួយទាំងមូលមាន២១ខេត្ត និងកោះត្រល់ទាំងស្រុង ដែលបច្ចុប្បន្នវៀតណាមបានប្រែក្លាយកោះមួយនេះទៅជាដុំពេជ្រនៅអាស៊ីនោះ!។ទាំងប្រជាជាតិខ្មែរទាំងប្រជាជាតិវៀតណាម ពួកយើងសុទ្ធតែជាពិរុទ្ធជនប្រវត្តិសាស្រ្ត ហើយប្រជាជាតិទាំងពីរនេះ ត្រូវបានដាក់នៅក្នុងគុកងងឹតដោយត្រូវចងទៅដោយគំនុំជាតិសាសន៍ និងអំពីការបាត់បង់ទឹកដីដែលពិបាកក្នុងការមិនអាចបំភ្លេចបានបើយើងមិនព្រមទទួលស្គាល់ការពិតនោះ!។
ប្រវត្តិសាស្រ្តពុំមែនជាគ្រឿងអលង្ការ ដែលគេយកមកMake Up ខុសពីមុខមាត់ពិត! ការស្មោះត្រង់ សេចក្ដីពិតនូវការនិយាយពាក្យពិតក្នុងប្រវត្តិសាស្រ្តពុំមែនជាការបំផុសឱ្យមានគំនុំជាតិសាសន៍ឡើយ! ដែលនេះជាពាក្យពេចន៍របស់លោកស្រី Nguyen Thi Binh អនុប្រធានរដ្ឋវៀតណាម។ ជាអ្នកនយោបាយសហសម័យត្រូវតែដើរឆ្ងាយចេញពីគន្លងស្នាមរទេះក្នុងអរិយភាពរបស់ប្រវត្តិសាស្រ្ត ដោយរួមគ្នាស្វែងរករូបមន្តរួបរួមរស់នៅក្នុងសន្តិសហវិជ្ជមានក្នុងរបត់មួយរបស់សុខដុមនីយកម្មពិភពលោកនិងក្នុងតំបន់! ដែលពួកយើងបានទទួលយកនូវបណ្ដាសារភូមិសាស្រ្តមួយដែលបានចារកំណត់ គឺមិនអាចដោះដូរប្រទេសទៅកន្លែងណាមួយផ្សេងពីនេះបាន ក្រៅពីការបន្តរួមរស់នៅជាមួយគ្នាជារៀងរហូត!។ ពិភពលោកទើបនឹងប្រារព្ធខួបអនុស្សាវរីយ៍១០០ឆ្នាំនៃសង្រ្គាមលោកលើកទី១ដែលមានផ្កាកុលាបរាប់ពាន់លានដើមត្រូវបានយកមកដាក់លើថ្មឧទ្ទិសដល់យុទ្ធជនទាំងសងខាង ទាំងអ្នកចាញ់ទាំងអ្នកឈ្នះ មិនគិតថាខ្មាំងឬសត្រូវឱ្យតែជាមនុស្សលោកទទួលបាននូវពរជ័យដូចគ្នា ពីអំណាចនៃការអភ័យទោស-Power of Forgiveness !។
ដូច្នោះ អត្ថប្រយោជន៍មានចរិតបដិការនេះអាចជាចលករមួយដ៏ខ្លាំងក្លាក្នុងការធ្វើឱ្យភាគីទាំងអស់ លែងពុំមានការប្រឈមមុខដាក់គ្នាជាកម្លាំងបាយ ទោះបីក្នុងកាលៈទេសៈណាមួយក៏ដោយនាពេលខាងមុខនោះ!។
ក្នុងបរិបទមួយនេះ ទើបលោកអគ្គលេខាបក្សវៀតណាមធ្លាប់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយចិនដែលហៅថា គោលការណ៍ដោះស្រាយបញ្ហាលើសមុទ្រ។ ខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀងនេះក៏បានអះអាងឡើងវិញនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត និងក្នុងស្មារតី៤ល្អ(សមមិត្តល្អ ភូមិផងល្អ មិត្តភក្តិល្អ និងដៃគូល្អ)។ ក្រៅពីនេះក៏មាន៦ចំណុចនៅក្នុងការសម្របសម្រួល ដែលក្នុងនោះនិយាយជារួមក៏មានការអះអាងនូវគោលការណ៍ និងវិធានការទាំងឡាយក្នុងការដោះស្រាយនូវរាល់បញ្ហា តាមរយៈការចរចាសន្តិភាព។ ទន្ទឹមនេះភាគីទាំងពីរវៀតណាម–ចិន ក៏បានព្រមព្រៀងដោះស្រាយបញ្ហា ដោយផ្អែកលើគោលការណ៍ដែលមានចែងនៅក្នុងអនុសញ្ញា UNCLOS ផងដែរ។
ការប្រើប្រាស់អាស៊ានធ្វើជាកូនអុកសម្រាប់ប្រឆាំងចិនដូចក្នុងសម័យកាលរបស់សន្តិភាពត្រជាក់នោះ វាមានភាពហួសសម័យទៅហើយ! ម្យ៉ាងទៀត គ្មានប្រទេសណាមួយ សុខចិត្តលះបង់ ពលីកម្មជាតិឯងមកធ្វើការតស៊ូប្រឆាំងចិន ដើម្បីតែផលប្រយោជន៍សុខស្រួលរបស់វៀតណាមឬហ្វីលីពីននោះទេ!។
សហរដ្ឋអាមេរិកអាចលេងធ្វើជាប៉ូលិសអន្តរជាតិ ឈរចាំយាមពិភពលោក ជំនួសឱ្យគេទាំងឡាយ!
ដោយមានអារម្មណ៍ហត់នឿយទៅនឹងទំនាស់រ៉ារ៉ៃមិនចេះចប់ពាក់ព័ន្ធទៅនឹងផលប្រយោជន៍របស់ពួកមហាអំណាច ហើយមកពីការចំណាយមកលើវិស័យការពារជាតិមានទំហំធំពេក ដែលជាបច្ច័យមួយក្នុងការធ្វើឱ្យប្រជាជនអាមេរិក ដែលជាអ្នកបង់ពន្ធមិនចង់ចំណាយលុយដ៏ច្រើនមកលើការការពារសន្តិសុខសម្រាប់ពួកប្រទេសដទៃទៀត! ទើបអាចជាហេតុនាំឱ្យសហរដ្ឋអាមេរិក ប្រកាសកាត់បន្ថយកងទ័ពអាមេរិកដកខ្លួនចេញពីអាល្លឺម៉ង់ បន្ទាប់មកក៏មានផែនការដកខ្លួនចេញពី ស៊ីរី អាហ្កានីស្ថាន អ៊ីរ៉ាក់ កូរ៉េខាងត្បូង ជប៉ុន និងប្រទេសជាច្រើនទៀតវិលចូលប្រទេសវិញ!។ មើលទៅដូចជាសហរដ្ឋអាមេរិក ហាក់បីមានការហត់នឿយខ្លាំងលែងចង់ធ្វើជា “ប៉ូលិសអន្តរជាតិ” ឈរចាំតែយាមផ្ទះគេលើពិភពលោក ជំនួសឱ្យអ្នកមានទ្រព្យខ្លះដេកលង់លក់!។
នៅក្នុងបុព្វបទមួយដោយបញ្ជាក់ថា First America នោះ ទើបនៅថ្ងៃទី១៣ មិថុនា ២០២០ នៅចំពោះមុខសិក្ខាកាមយោធាអាមេរិក នាបណ្ឌិតសភា West Pointនោះ ប្រមុខរបស់សេតវិមានបានថ្លែងការណ៍ដោយសង្កត់ធ្ងន់ថា កិច្ចការទាំងឡាយរបស់យោធាអាមេរិក គឺពុំមែនដើរកសាងឡើងវិញឱ្យពួកប្រទេសក្រៅនោះទេ តែជាការការពារដោយការពារឱ្យបាននិងយ៉ាងខ្លាំងក្លាពីសត្រូវរបស់ខ្លួន! ហើយសហរដ្ឋអាមេរិក ត្រូវតែបញ្ចប់នូវសករាជមួយរបស់សង្រ្គាមដែលពុំមានទីបញ្ចប់នោះ!អាមេរិកត្រូវប្រមូលផ្ដុំមកលើការការពារផលប្រយោជន៍មួយដ៏ចាំបាច់ ហើយកងទ័ពអាមេរិកទាំងអស់ពុំមានភារកិច្ចត្រូវចូលរួមដោះស្រាយនូវបញ្ហាវិវាទយូរយាដែលពុំមានទីបញ្ចប់ រួមទាំងការវិវាទទាំងនោះមានការពាក់ព័ន្ធទៅដល់ផលប្រយោជន៍របស់ពួកប្រទេសធំផង!សហរដ្ឋអាមេរិក ពុំមែនជាប៉ូលិសរបស់ពិភពលោកទៀតឡើយ!។
ការអះអាងនេះ អាចជាភាពអកុសលមួយក្នុងការកំណត់ជោគវាសនាមកលើបញ្ហារបស់ភូមា រួមទាំងបញ្ហារ៉ាំរ៉ៃរបស់សមុទ្រចិនខាងត្បូង ដែលបញ្ហាពីរនៅអាស៊ីនេះ លែងជារបៀបវារៈក្នុងកម្មវិធីនយោបាយរបស់ពួកអ្នកកាន់អំណាចអាមេរិកក្នុងប៉ុន្មានឆ្នាំខាងមុខទៀត! ព្រោះនេះពុំមែនជាផលប្រយោជន៍ដាច់មុខ(Core Interests)របស់អាមេរិក ក្នុងករណីដែល Free Navigation លើសមុទ្រលែងមានការរារាំង បង្កើតឧបសគ្គទៀតនោះ! ព្រោះក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងអន្តរជាតិ សហរដ្ឋអាមេរិកពុំដែលចេញមុខអះអាងការពារ និងច្បាំងជំនួយដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ទោះបីប្រទេសណាមួយ ក្រៅអំពីផលប្រយោជន៍ First America តែមួយគត់ឡើយ!៕
ដោយ ហើស សិរីធន
វៀតណាម លេងសន្លឹកបៀរ អាមេរិក ឥណ្ឌា និងរុស្ស៊ី ដោយយកធ្វើជាកន្សែងយ័ន្ត ក្នុងការការពារផលប្រយោជន៍ លើសមុទ្រចិនខាងត្បូង! – DAP News
]
សមុទ្រចិនខាងត្បូង ជាចំណុចក្ដៅនិងរសើបបំផុតក្នុងតំបន់!៖
សមុទ្រចិនខាងត្បូង មានវិសាលភាពប្រមាណ៣,៥០០ ០០០ គីឡូម៉ែត្រការ៉េ ជាតំបន់សមុទ្រមួយ ដែលមានសណ្ឋានធំលំដាប់ទី៤ និងជាចំណែកមួយរបស់សមុទ្រប៉ាស៊ីហ្វិក។ ក្នុងតំបន់សមុទ្រចិនខាងត្បូងនេះ សម្បូរទៅដោយកោះ ហើយកោះទាំងនេះបានប្រមូលផ្ដុំជាច្រើន កកើតទៅជាប្រជុំកោះ Archipelagoes កោះ ប្រជុំកោះ និងជួរកោះទាំងនេះដែលមួយភាគធំ ពុំមានមនុស្សរស់នៅ និងពុំអាចរស់នៅបានឡើយ!។
យោងតាម Wikipedia គឺ South China Sea ជានាមសព្ទមួយត្រូវបានស្គាល់យ៉ាងទូលំទូលាយបំផុតក្នុងភាសាអង់គ្លេស ដែលតំបន់សមុទ្រនេះ ត្រូវបានកំណត់ឡើងដោយអង្គការ International Hydrography ដែលសមុទ្រនេះបានលាតសន្ធឹងពីទិសនិរតីរហូតដល់ទិសឦសាន្ត ដោយមានព្រំប្រទល់ភាគខាងត្បូង គឺ៣អង្សារក្នុងរយៈទទឹងខាងត្បូងរវាងចន្លោះ Sumatra ខាងត្បូង និង Kalimantan (ឈូងសមុទ្រ Karimata ) និងព្រំដែនខាងជើងរបស់វា គឺជាប់ឈូងសមុទ្រតៃវ៉ាន់ ដោយចាប់ពីទិសខាងជើងតៃវ៉ាន់រត់រហូតដល់ឈូងសមុទ្រភូគៀនរបស់ចិនប្រជាមានិត!។ ដោយឡែកឈូងសមុទ្រថៃ (Gulf Of Thailand ) ក៏មានមួយចំណែកបានស្ថិតនៅក្នុងភាគខាងលិច របស់សមុទ្រចិនខាងត្បូងផងដែរ!។
ជារួម ប្រទេសទាំងអស់ដែលស្ថិតនៅជាប់ ឬជុំវិញតំបន់សមុទ្រចិនខាងត្បូងនេះ បានហៅសមុទ្រចិនខាងត្បូងនេះ ទៅតាមការឱ្យនិយមន័យ ដោយការហៅនេះ អនុលោមទៅតាមអធិបតេយ្យភាព ប្រវត្តិសាស្ត្ររបស់ពួកគេមកលើសិទ្ធិអធិបតេយ្យលើតំបន់សមុទ្រនេះ!។
ក្នុងបរិបទមួយនេះ ទើបក្នុងប្រវត្តិសាស្រ្តនៃភូមិសាស្រ្តនយោបាយដ៏យូរលង់មកហើយ ចិនបានហៅតំបន់សមុទ្រចិនខាងត្បូងនេះថា ជាសមុទ្រខាងត្បូង(South Sea) បើហ្វីលីពីនវិញ បានហៅតំបន់សមុទ្រនេះថា ជាសមុទ្រLuzon ដែលការហៅនេះដោយLuzon ជាកោះមួយដ៏ធំរបស់ហ្វីលីពីនបានស្ថិតនៅក្នុងតំបន់សមុទ្រនេះ។ តែក្រោយមក ចាប់តាំងពីមានការវិវាទជាចរិតអន្តរជាតិទាក់ទងដល់អត្ថប្រយោជន៍ អធិបតេយ្យភាពនាម្ដុំនេះមក ហ្វីលីពីនក៏បានប្រកាសជាផ្លូវការដោយ ប្ដូរឈ្មោះសមុទ្រLuzon នេះទៅជា West Philippines Sea ទៅ!។ ចំពោះវៀតណាមវិញ បានហៅ តំបន់សមុទ្រនេះថា ជាសមុទ្រខាងកើត (East Sea ឬ Bien Dong )ដោយសណ្ឋានដែនដីភូមិសាស្រ្តរបស់វៀតណាម គឺបានបែរទៅរកសមុទ្រមួយនេះក្នុងទិសខាងកើត! ដោយឡែកចំពោះបារាំងដែលធ្លាប់ធ្វើជាមេអាណានិគមត្រួតត្រាមកលើតំបន់នេះ ទើបបារាំងបានហៅតំបន់សមុទ្រនេះថា Archipel des ile Spratly ចំពោះជប៉ុនវិញបានហៅប្រជុំកោះទាំងនេះថា Shinan Guto ។ ទន្ទឹមនេះ បើយោងទៅតាមឯកសារបុរាណស្ដីពីដំណើរនាវាចរណ៍របស់ ពួកPortugal នាសតវត្សរ៍ទី១៥នោះ នៅមានឈ្មោះមួយទៀតដែលពួកនាវិកទាំងនេះបានហៅនោះ គឺសមុទ្រចម្ប៉ា (Sea of Champa)។ ពិសេសជាងនេះទៅទៀត គឺក្នុងសម័យកាលដែលពួក ម៉ុងហ្គោលីធ្វើការត្រួតត្រាមកលើប្រទេសចិននាសតវត្សរ៍ទី១២នោះ ក៏មានប្រេសិតជីតាក្វាន់ បានធ្វើដំណើរមកទឹកដីចេនឡានាឆ្នាំ១២៩៥ ហើយក៏បានស្នាក់នៅនគរចេនឡានេះរហូតដល់ឆ្នាំ១២៩៧ទើបលោកវិលត្រឡប់ទៅស្រុកចិនវិញ។ យោងតាមសំណេរប្រវត្តិសាស្រ្តរបស់លោក ជីតាក្វាន់ គឺដំណើររបស់ក្រុមលោកបានចូលមកកាន់ទឹកដីចម្ប៉ាមុន ដែលការធ្វើដំណើរនេះមានមធ្យោបាយជាសំប៉ានឆ្លងកាត់កោះ Paracel ចូលមកទឹកដីចម្ប៉ា ក្រោយពីចូលចម្ប៉ាក្រុមរបស់លោកធ្វើដំណើរលើតំបន់សមុទ្រចិនខាងត្បូងមកកាន់ទឹកដីចេនឡា រួចបន្តដំណើរទៅដល់អង្គរតាមបណ្ដោយដងទន្លេមេគង្គ កាត់ទន្លេសាបទៅដល់ភ្នំក្រោម រួចទៅដល់តំបន់អង្គរតែម្ដងទៅ!។
តាមការវិភាគរបស់ពួកអ្នកបុរាណវិទ្យា គឺលោកជីតាក្វាន់ បានធ្វើដំណើរមកដល់ ចន្លោះព្រំប្រទល់រវាងដែនដីចម្ប៉ា និងដែនដីចេនឡា ដែលដើមឡើយជាតំបន់របស់ខេត្តសួគ៌ាកម្ពុជាក្រោម ដែលបច្ចុប្បន្ននេះជាម្ដុំខេត្ត Ba Ria របស់វៀតណាម។ ចេញពីខេត្តសួគ៌ា ក្រុមលោកបានបន្តដំណើរតាមសំប៉ានចេញទៅម្ដុំកោះត្រឡាច ហើយចុះមកដែនដីកម្ពុជាក្រោម -ចេនឡាទឹកលិច មកដល់ត្រង់ដៃទន្លេទី៤របស់ទន្លេមេគង្គ រួចបានទៅដល់ម្ដុំចតុមុខ(មុខព្រះបរមរាជវាំងបច្ចុប្បន្ន) ។ ហើយតាមការសិក្សានេះ ក្រុមលោកជីតាក្វាន់បានទុកសំប៉ានចោលនៅម្ដុំចតុមុខ មុខវាំង រួចប្រើប្រាស់ទូកវិញធ្វើដំណើរឡើងទៅទន្លេសាបនិងទៅកាន់អង្គរទៅ! ដោយការធ្វើដំណើរទាំងនេះបានចំណាយពេលទាំងអស់ប្រមាណជាង៣សប្ដាហ៍!។
សមុទ្រចិនខាងត្បូង គឺជាតំបន់សមុទ្រដែលសម្បូរទៅសម្បត្តិធម្មជាតិ ហើយក៏ជាតំបន់វិវាទមួយប្រកបទៅដោយការប្រកួតប្រជែង ដណ្ដើមផលប្រយោជន៍ និងក៏ជាចំណុចមួយដ៏ក្ដៅបំផុតសម្រាប់សតវត្សរ៍ទី២១នេះ!។
សង្រ្គាមត្រជាក់លើកទី១ បានចប់ សង្រ្គាមត្រជាក់លើកទី២ ចាប់កកើតមានជារូបរាង គូបដិបក្ខទម្ងន់យក្សនៅដដែលតែខុសនឹង២០ឆ្នាំមុន របបនយោបាយសង្គម និងលទ្ធិជាតិនិយមរៀងៗខ្លួន មានជីវិតរស់នៅគ្រប់ប្រទេស! ស្របពេលដែលនិិន្នាការតំបន់(Regionalization) និងទំនោរសាកលភាវូបនីយកម្ម (Globalization)បាននិងកំពុងត្រូវបានជំរុញស្របទៅតាមផលប្រយោជន៍របស់អ្នកខ្លាំង! ក្នុងពេលដែលសហរដ្ឋអាមេរិកនៅតែជាមហាអំណាចផុតលេខ (Super Of Superpower)នោះ!។
ដើម្បីបន្តកេងចំណេញនយោបាយ បម្រើឱ្យផលប្រយោជន៍យុទ្ធសាស្រ្តសេដ្ឋកិច្ចនោះ ពួកឈ្មួញសង្រ្គាម (Warmongers) បន្ទាប់ពីធ្វើឱ្យមានភាពវឹកវរ ចលាចលនៅមជ្ឈឹមបូព៌ា ភាពប្រឈមស៊ីសាច់ហុតឈាមនៅអាស៊ីខាងត្បូង ការតានតឹងលើឧបទ្វីបកូរ៉េ ឧទ្ទវហេតុនៅតំបន់សមុទ្រលឿង និងការដុតកកូរឱ្យមានបញ្ហានៅក្នុងប្រទេសភូមាមក ក៏ស្រាប់តែមានព្យុះសង្ឃរានយោបាយលើតំបន់សមុទ្រចិនខាងត្បូងក្រោមលេសបញ្ហាតៃវ៉ាន់ស្អីគេនោះ នាំឱ្យមានការតានតឹងថ្មី។ អធិករណ៍ដែលជាចំណាប់ខ្មាំងប្រវត្តិសាស្រ្ត ត្រូវបានអ្នកនយោបាយម្នាក់ឱ្យឈ្មោះថា បញ្ហាសមុទ្រចិនខាងត្បូង គឺជាបញ្ហា Palestine របស់អាស៊ី ជារឿងព្រេងនិទាន ១០០១យប់ ព្រោះបញ្ហានេះបានបន្តអូសបន្លាយ ហែកតំបន់អាស៊ីមួយនេះទៅជាច្រើនបំណែក ដោយអត្ថប្រយោជន៍ ដ៏សាវន្តរបស់ជាតិ សុទ្ធតែមានការខុសផ្សេងពីគ្នាទាំងអស់!។
សង្រ្គាមត្រជាក់ នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង ក្នុងជាង១ទសវត្សរ៍ កន្លងមក បានក្លាយទៅជាមុខទំនិញដែលមានតម្លៃធ្វើឱ្យពួកប្រទេសដែលមានការពាក់ព័ន្ធ ក៏ដូចជាពួកប្រទេសដែលពុំមានការពាក់ព័ន្ធ ទៅរួមគ្នាធ្វើការទិញដូរ តថ្លៃក្នុងផលប្រយោជន៍យុទ្ធសាស្រ្តរៀងៗខ្លួនទៅវិញ!។
វៀតណាម លេងសន្លឹកបៀរអំណាចខាងក្រៅតំបន់!៖
នៅចំពោះមុខព្យុះសង្ឃរានៃសម្ពាធយ៉ាងខ្លាំងក្លាដូច្នោះ វៀតណាមពុំមានលទ្ធភាពតទល់ក្រៅពីការសម្របសម្រួលជាយុទ្ធសាស្រ្តក្នុងការអូសទាញ “កម្លាំងខាងក្រៅតំបន់” ឱ្យចូលរួមក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង ចែកផលប្រយោជន៍ដោយឆ្លងតាមរយៈការធ្វើអន្តរជាតូបនីយកម្ម និងពហុភាគីមកលើSouth China Sea!។
មានការគិតគូរជាមុន នៅពេលដែលវៀតណាម បានសម្រេចឱ្យឥណ្ឌា មានសិទ្ធិប្រើប្រាស់កំពង់ផែ Nha Trang ដែលផែនេះស្ថិតនៅជិតកំពង់ផែ Cam Ranh ក៏ជាទីតាំងដែលស្ថិតស្របក្នុងខ្សែ Longtitude ទៅនឹងកំពង់ផែ Hai Nam របស់ចិននោះ។ ការប្ដេជ្ញាសហការរបស់វៀតណាមជាមួយឥណ្ឌាក្នុងវិស័យប្រេង ត្រូវបានមជ្ឈដ្ឋានអ្នកវិភាគនយោបាយតំបន់វាយតម្លៃថា វៀតណាមកំពុងស្វែងរកតុល្យភាពកម្លាំងមួយបំពេញសមតាទៅនិងអានុភាពរបស់ចិន ក្នុងពេលដែលឥណ្ឌាបានប្ដេជ្ញាអនុវត្តន៍នូវគោលនយោបាយ “ឆ្ពោះទៅទិសខាងកើត- Look East” របស់ខ្លួនមកកាន់តំបន់មួយនេះស្របពេលដែលចិននិងឥណ្ឌានៅមានបញ្ហាវិវាទគ្នាលើបញ្ហាខ្សែបន្ទាត់ព្រំដែន ការមិនចុះសម្រុងគ្នាលើបញ្ហាប៉ាគីស្ថាន បញ្ហាKashmir រួមទាំងបញ្ហាអាហ្គានីស្ថានផង!។
ការស្វែងរកកម្លាំងសមតា ដើម្បីធ្វើជាតុល្យភាពកម្លាំងនោះបើសហការជាមួយអាមេរិកមុននេះ ពួកអ្នកកាន់អំណាចរបស់វៀតណាម ហាក់បីដូចជាមិនទាន់ទុកចិត្ត ជឿជាក់មកលើភាពស្មោះត្រង់របស់បងធំ “Uncle Sam” ដោយឡែកអាមេរិកវិញក៏មិនពេញចិត្តទៅនិងនយោបាយ “មុខពីរ-Double faces” របស់វៀតណាមផងដែរ ម្យ៉ាងវិញទៀតដែលបច្ចុប្បន្ននេះ បញ្ហាសិទ្ធិមនុស្ស សេរីភាពសាសនា បញ្ហាជនជាតិនៅតែជាឧបសគ្គចម្បងក្នុងទំនាក់ទំនងរវាងក្រុង Washington ជាមួយ Hanoi ដដែលនោះ!។
ទោះបីជាស្ថិតក្នុងកាលៈទេសៈណាមួយក៏ដោយ ក៏វៀតណាមមិនបោះបង់ចោលអំណាចអធិបតេយ្យលើសមុទ្រចិនខាងត្បូងឡើយ! ហើយប្រការដែលវៀតណាមបង្កើនទំនាក់ទំនងនិងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយពួកប្រទេសមហាយក្សខាងក្រៅតំបន់ គឺជាជំហានវិវត្តន៍ថ្មីក្នុងឥរិយាបថ Natural Manner សំដៅការពារផលប្រយោជន៍សួនតួររបស់ខ្លួន!។
ប្រការដែលឥណ្ឌា ត្រូវបានយកមកប្រើប្រាស់ ធ្វើជាតុល្យករ ក្នុងការទប់ទល់ជាមួយចិនក្នុងយុទ្ធសាស្រ្តរបស់វៀតណាម ត្រូវរង់ចាំមើលពេលវេលាសិន ព្រោះឥណ្ឌានៅឥតទាន់គ្រប់់គីឡូនៅឡើយ! តែនេះគ្រាន់តែជាសារមួយផ្ញើរទៅចិនថា សមុទ្រចិនខាងត្បូងមិនងាយលេបត្របាក់ដូចការគិតរបស់ចិននោះទេ!។
ការបើកកំពង់ផែ Cam Ranh ឡើងវិញគឺជាការគិតគូរយុទ្ធសាស្រ្ត មួយក្នុងការឆ្ពោះទៅកាន់កាប់សមុទ្រចិនខាងត្បូង ក្រោមផ្លាករកស៊ីពាណិជ្ជកម្ម!៖
Cam Ranh ជាកំពង់ផែដែលនិមិត្តរូបឱ្យវត្តមានជាយោធា ដែលធ្លាប់តែមានមុខជាប្រចាំនៅទីនេះ!។ ក្នុងសម័យសង្រ្គាមនៅឥណ្ឌូចិនលើកទី២ Cam Ranh ជាមូលដ្ឋានយោធាយុទ្ធសាស្រ្តរបស់អាមេរិកដល់ក្រោយឆ្នាំ១៩៧៥ Cam Ranh បានប្រែក្លាយទៅជាមូលដ្ឋានយោធាជើងទឹកមួយដ៏ធំបំផុតនៅក្រៅប្រទេសរបស់សហភាពសូវៀត ហើយជនជាតិរុស្ស៊ីក្រោយមកបានបោះទីតាំងយោធានៅ Cam Ranh នេះរហូតដល់ឆ្នាំ២០០២ទើបបានដកចេញអស់ទៅ!។
គិតរហូតមកដល់ថ្ងៃនេះអាចនិយាយបានថា វៀតណាមទទួលបានជោគជ័យក្នុងការធ្វើអន្តរជាតូបនីយកម្មមកលើសមុទ្រចិនខាងត្បូង! ព្រោះយ៉ាងហោចណាស់ចាប់តាំងពីមាន Engagement របស់អាមេរិក ចូលមកលើសំណុំរឿង សមុទ្រចិនខាងត្បូង មក គឺវៀតណាម មានភាពមុះមុតក្នុងការលើកឡើង យ៉ាងចំហរ និងធ្វើឱ្យបញ្ហាសមុទ្រចិនខាងត្បូងនេះ ក្លាយទៅជាបញ្ហារបស់តំបន់និងពិភពលោករួមគ្នាយកចិត្តទុកដាក់នោះ។
ជាការប្រាកដនិយម គឺវៀតណាមជោគជ័យ ក្នុងការធ្វើឱ្យសមុទ្រចិនខាងត្បូង ប្រែក្លាយទៅជាបញ្ហាអន្តរជាតូបនីយកម្ម ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីមហាអំណាចអាមេរិក និងប្រទេសក្រៅតំបន់ជាច្រើន។ តែជាផលវិបាកវិញ ការដើរខិតជិតអាមេរិកជាយថាហេតុបានជះឥទ្ធិពលយ៉ាងអវិជ្ជមានមកលើអនាគតនៃស្ថិរភាពនៅក្នុងប្រទេសវៀតណាម ដែលផ្ទៃក្នុងនៅមានបញ្ហាច្រើនបាននិងកំពុងលេចធ្លោជាចំណុចបច្ចុប្បន្នភាពគួរឱ្យចាប់អារម្មណ៍ផងដែរ!។
យក Cam Ranh ធ្វើជានុយនយោបាយ៖
ក្នុងប៉ុន្មានឆ្នាំមុន ការសម្រេចបើកកំពង់ផែ Cam Ranh ឱ្យនាវាបរទេសចូលឈប់សំចតឡើងវិញ និងការស្ថាបនាកំពង់ផែនេះឡើងវិញឱ្យទៅជាមជ្ឈមណ្ឌលសេវាកម្មចម្រុះ ស្របពេលដែលវៀតណាមកំពុងតទល់ជាមួយចិនលើសមុទ្រចិនខាងត្បូង! អាចជាការគិតគូរយុទ្ធសាស្រ្តមួយថ្មីក្នុងការខិតខំប្រឹងប្រែងធ្វើយ៉ាងណាកំហិតបាននូវការគំរាមកំហែងក្នុងកម្រិតណាមួយពីចិន មកលើប្រទេសខ្លួន!។
បើពិនិត្យមើលក្នុងទិដ្ឋភាពសាកលភាវូបនីយកម្មនិងផលប្រយោជន៍សេដ្ឋកិច្ចវិញ គឺការអនុញ្ញាតឱ្យនាវាបរទេស រួមទាំងនាវាចម្បាំងបរទេសចេញចូលកំពង់ផែCam Ranh គឺជាសិទ្ធិរបស់វៀតណាម ជាកិច្ចការផ្ទៃក្នុងរបស់វៀតណាមសុទ្ធសាធ! តែបើតាមការវិភាគរបស់ពួកអ្នកយុទ្ធសាស្រ្តវិញ ការសម្រេចនេះគឺជាសង្រ្គាមខួរក្បាល(War of Nerves) ជាការគិតគូរមួយមានចរិតយុទ្ធសាស្រ្តខ្ពស់ ធ្វើដូចជាពាណិជ្ជកម្ម តែការរកស៊ីនេះបានស្ថិតនៅក្រោមផ្លាកគោលដៅតែមួយគត់ គឺឆ្ពោះទៅចក្ខុវិស័យយូរអង្វែង គឺដើម្បីគ្រប់គ្រងសមុទ្រចិនខាងត្បូងឱ្យបាន!
Cam Ranh ពុំមែនជាមូលដ្ឋានយោធាបរទេស គឺគ្រាន់តែសម្រាប់ផ្ដល់ជូនបរទេសមកជួលធ្វើជាកន្លែង ឬមូលដ្ឋានសម្រាប់ការផ្គត់ផ្គង់ភស្តុភា និងសម្រាប់សេវាកម្មបច្ចេកទេសតែប៉ុណ្ណោះ!។ ដូច្នោះមានកត្តាយុទ្ធសាស្រ្តក្នុងការសម្រេចបើកឱ្យដំណើរការកំពង់ផែ Cam Ranhឡើងវិញ គឺជាការគិតគូរ ថ្លឹងថ្លែងមួយយ៉ាងជ្រាលជ្រៅពាក់ព័ន្ធដល់ទាំងកត្តាសន្តិសុខជាតិ កត្តាបរិយាកាសអន្តរជាតិ ហើយក៏អាចមានការចូលរួមពិគ្រោះយោបល់ពីបណ្ដាមហាអំណាចខាងក្រៅតំបន់ទៀតផង!។
វៀតណាមសម្រេចចែករំលែកកំពង់ផែCam Ranhនេះ ក្នុងគោលដៅដើម្បីជាការទប់ទល់ រារាំងដល់ដំណើរវាតទីរបស់ចិននៅលើសមុទ្រចិនខាងត្បូងជាការប្រាកដនិយមមែន!។ ការសម្រេចអនុញ្ញាតឱ្យមាននាវាបរទេសចេញចូលកំពង់ផែCam Ranh ជាជំហានមួយទៀតក្នុងការធ្វើអន្តរជាតូបនីយកម្មមកលើសមុទ្រចិនខាងត្បូង ជាការបន្តជំរុញបញ្ហាសមុទ្រចិនខាងត្បូងឱ្យកាន់តែចូលជ្រៅទៅក្នុងដំណោះស្រាយការទូតជាពហុភាគី ដោយមានចេតនាមិនចង់ធ្វើ Bilateral dialogue ជាមួយចិនសោះឡើយ!។
ការចែករំលែកកំពង់ផែ Cam Ranh ជាអំណាចឯកសិទ្ធិស្វ័យការពារថ្មីរបស់អ្នកកាន់អំណាចវៀតណាមប្រឆាំងទៅនឹឹងសកម្មភាពរបស់ចិនលើសមុទ្រចិនខាងត្បូង។ ភ្ញៀវបរទេសដែលចេញចូលCam Ranh ហើយត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅនោះ គឺបណ្ដាកងនាវាចរណ៍មកពី អាមេរិក ឥណ្ឌា ជប៉ុន រុស្ស៊ី ដែលសុទ្ធតែភ្ញៀវពិសេសមានចរិតបដិបក្ខផលប្រយោជន៍ទៅនឹងចិនទាំងអស់ក្នុងតំបន់នេះ!។ ការប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការយោធានាពេលថ្មីៗនេះរបស់វៀតណាមជាមួយពួកមហាអំណាចលើពិភពលោក ជាឥរិយាបថក្នុងនយោបាយថ្មីទៀតនៃយុទ្ធសាស្រ្តចម្រុះរួមទាំងការងារការទូត សកម្មភាពយោធាប្រឆាំងទៅនឹងចិនលើសមុទ្រចិនខាងត្បូង!។ ក្នុងផលប្រយោជន៍ដូចគ្នា Cam Ranh ក្នុងអនាគតអាចនឹងក្លាយទៅជាចំណុចស្នូលដែលគេទាំងឡាយយកមកធ្វើការ វះកាត់ ចរចានិងសម្របសម្រួល ដោយCam Ranh ទាក់ទងទៅដល់ផលប្រយោជន៍របស់បណ្ដាប្រទេសមហាអំណាចនៅក្នុងតំបន់នេះ!។
Cam Ranh ត្រូវបានចាត់ទុកជាកំពង់ផែយោធាប្រកបទៅដោយយុទ្ធសាស្រ្តមួយដ៏ធំនៅក្នុងតំបន់ ដោយភូមិសាស្រ្ត Cam Ranh មានវិសាលភាពភាពធំ ទឹកជ្រៅ មានជួរភ្នំបាំងពីក្រោយ ស្ថិតនៅជិតផ្លូវនាវាចរណ៍មានចរិតយុទ្ធសាស្រ្តអន្តរជាតិ និងស្ថិតនៅជិតម្ដុំប្រជុំកោះ Spratly និង Paracel ។ Cam Ranh នេះធ្លាប់ត្រូវបានសូវៀតប្រើប្រាស់និងប្រែក្លាយទៅជាទីកន្លែងសម្រាប់ការជ្រកកោនដល់នាវាចម្បាំងទាំងឡាយរបស់សូវៀត រួមទាំងការការពារនិងការលាក់កំបាំងនូវកងនាវាចម្បាំងនិងនាវាមុជទឹកផង! ហើយសូវៀតក៏ធ្លាប់បានកសាងនៅCam Ranh នេះទៅជាមជ្ឈមណ្ឌលលួចស្ដាប់ព័ត៌មានសម្ងាត់(Interception Center)នៅទីនេះផងដែរ។ Cam Ranh គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់កងទ័ពជើងទឹក ដែលមានគុណប្រយោជន៍ក្នុងការAttraction បំផុតក្នុងករណីបើមានកិច្ចសហប្រតិបត្តិការក្នុងវិស័យកងទ័ពជើងទឹក សំដៅបង្កើនកម្លាំងចម្រុះទប់ទល់ ប្រឆាំងទៅនឹងអនុភាពវាតទីយោធារបស់មហាយក្សចិននៅក្នុងតំបន់!។
សារសំខាន់នៃយុទ្ធសាស្រ្តរបស់កំពង់ផែCam Ranh នេះគឺស្ថិតនៅត្រង់ចំណុចភូមិសាស្រ្ត យុទ្ធសាស្រ្ត ដោយCam Ranh នេះឆ្ងាយពីផ្លូវនាវាចរណ៍អន្តរជាតិប្រមាណ១ម៉ោង ដែលក្នុងពេលនោះពីកំពង់ផែ Hai Phong មកដល់ចំណុចនេះ ត្រូវធ្វើដំណើរបាត់អស់ប្រមាណ១៨ម៉ោងបើតាមនាវានោះ!។ Cam Ranh ជាកំពង់ផែដែលមានកម្រិតទឹកជ្រៅជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ ជារួមឈូងសមុទ្រCam Ranh មានជម្រៅទឹកពី១៨ទៅ៣២ម៉ែត្រ មានបាតសមុទ្ររាបស្មើ ដែលជាភាពងាយស្រួលក្នុងការបោះយុថ្កា ហើយនាវាដែលមានទម្ងន់ផ្ទុកជាង៣ម៉ឺនតោន អាចចូលទៅឈប់សំចតបាននៅក្នុងពេលវេលា ពិសេសជាងនេះឈូងសមុទ្រCam Ranh នេះមានលទ្ធភាពទទួលកងនាវា (Fleet) រួមមានទាំងនាវាចម្បាំង នាវាមុជទឹក និងនាវាពិឃាតចូលសំចតសម្រាក ក្នុងពេលតែមួយយ៉ាងច្រើនគ្រឿងដោយសុវត្ថិភាព!។
ការធ្វើឱ្យកំពង់ផែCam Ranhនេះប្រែក្លាយទៅជាទីកន្លែងយុទ្ធសាស្រ្ត គឺស្ថិតនៅក្នុងគោលគំនិតដើម្បីស្រូបយកកម្លាំងបរទេសឱ្យចូលមកកាន់ទីនេះ ដើម្បីជាតុល្យភាពកម្លាំងក្នុងការទប់ទល់ និងក្នុងការកំហិតដល់អំណាចដ៏មហិមារបស់កងទ័ពជើងទឹកចិននៅលើសមុទ្រចិនខាងត្បូង ក្នុងកម្រិតណាមួយនោះនាពេលអនាគត!។
ការបើក Cam Ranhឡើងវិញ ព្រមទាំងការអនុញ្ញាតឱ្យកងកម្លាំងជើងទឹកបរទេសចូលគឺជា “ក្បាច់គុន”មួយដ៏ខ្ពស់បំផុតក្នុងនយោបាយការទូត “ពហុភាគី” របស់វៀតណាម ក្នុងជំហានទី២បន្ទាប់ពីបានខិតខំប្រឹងប្រែងប្រែក្លាយបញ្ហាវិវាទលើប្រជុំកោះSpratly ក្នុងតំបន់សមុទ្រចិនខាងត្បូងទៅជាបញ្ហាអន្តរជាតូបនីយកម្ម ព្រោះការសម្រេចនេះ ក៏បានធ្វើឱ្យមតិសាធារណៈអន្តរជាតិយកចិត្តទុកដាក់មកលើតំបន់នេះថែមទៀត រួមទាំងវត្តមានជាអចិន្ត្រៃយ៍របស់កងនាវាបរទេស មានមុខជាប្រចាំនៅទីនេះ ដែលជាយថាហេតុដូចជារបៀបរក្សាឱ្យមានកងកម្លាំងប៉ូលិសអន្តរជាតិមួយក្រុមយាមប្រចាំការ ឃ្លាំមើលនូវរាល់សកម្មភាពយោធារបស់ចិនជាប្រចាំនៅក្នុងតំបន់មួយនេះ។
អត្ថន័យសំខាន់ដំបូង របស់វៀតណាម ក្នុងការសម្រេច ទាក់ទងដល់កំពង់ផែ Cam Ranh នេះដំបូងឡើយមានចរិតភូមិសាស្រ្ត យុទ្ធសាស្រ្ត បន្ទាប់មក ទើបផលប្រយោជន៍សេដ្ឋកិច្ច ជាជំហានដើរតាមក្រោយ!។ មានលទ្ធភាពត្រៀមជាមុន ដែលកងទ័ពអាមេរិកអាចនឹងវិលមកប្រើប្រាស់កំពង់ផែ Cam Ranh នេះ ដោយអាចយកធ្វើជាទីកន្លែងផ្គត់ផ្គង់ភស្តុភា ជួសជុល និងការឈប់សំចតសម្រាប់កងនាវា(Fleet)ទាំងមូល ពេលដែលកងទ័ពជើងទឹករបស់អាមេរិកធ្វើដំណើរទៅមក ឆ្លងកាត់សមុទ្រនេះទៅកាន់តំបន់សមុទ្រមួយទៀត!។
ការវិលមករបស់អាមេរិកនៅCam Ranhក៏នៅមានសម្មតិកម្មច្រើនដោយមានអ្នកយុទ្ធសាស្រ្តយោធាខ្លះបានលើកឡើងនូវហេតុផលមួយចំនួន ដែលមិនអាចកើតមានឡើងចំពោះអាមេរិកនៅវៀតណាមបានដោយអាមេរិកប្រហែលជានឹងមិនទទួលយកឬកសាងមូលដ្ឋានយោធាអចិន្ត្រៃយ៍ណាមួយនៅវៀតណាមទេ ព្រោះទីមួយ៖ វៀតណាមនិងមានការថ្លឹងថ្លែងបំផុតក្នុងការអនុញ្ញាតឱ្យអាមេរិកបោះទីតាំងយោធា ព្រោះនេះជាការចេញមុខប្រឆាំងចិនដោយចំហរដែលនេះជាហានិភ័យខ្ពស់បំផុត ទីពីរ៖បើមានការកសាងមូលដ្ឋានអចិន្ត្រៃយ៍យ៉ាងដូច្នោះ គឺមានការបង់ខាតច្រើនដោយត្រូវធ្វើMaintenance ជាប្រចាំ ហើយអាមេរិកក៏មិនចង់ចំណាយលុយដ៏ច្រើនមកលើហេតុផលទាំងនេះ ទីបី៖បើមានមូលដ្ឋានយោធាអចិន្ត្រៃយ៍យ៉ាងនេះ វាមានភាពងាយស្រួលក្នុងការជាគោលដៅសម្រាប់ការវាយប្រហារដោយកាំជ្រួចរយៈឆ្ងាយ ឬពីយន្តហោះក្នុងសម័យវិទ្យាសាស្រ្តដ៏ទំនើបយ៉ាងនេះ!
អានុភាពដ៏មហិមារបស់ ចិនប្រជាមានិត បានធ្វើឱ្យមានការផ្លាស់ប្ដូរ ប្រែប្រួលនូវតុល្យភាពកម្លាំងយោធានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក! ដែលហេតុការណ៍នេះបានធ្វើឱ្យពួកប្រទេសភូមិផងក្នុងតំបន់ ពួកប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកដូចជា ជប៉ុន អូស្រ្តាលី ឥណ្ឌា កូរ៉េខាងត្បូង រួមទាំងរុស្ស៊ីផង មានការភ្ញាក់ផ្អើលទៅនឹងអនាគតភាពថា តើសភាពការណ៍ទាំងនេះនឹងវិវត្តន៍ទៅជាយ៉ាងណានោះ!។
ក្នុងបរិបទនៃស្ថានភាពមួយយ៉ាងនេះ ទើបពួកអ្នកវិភាគនយោបាយនៅក្នុងតំបន់បានធ្វើសេចក្ដីសន្និដ្ឋានថា មកពីមានអំណាចយោធាយ៉ាងលើសលប់ គ្របដណ្ដប់របស់ចិនមកលើតំបន់ភាគខាងលិចប៉ាស៊ីហ្វិក និងតំបន់សមុទ្រចិនខាងត្បូងយ៉ាងដូច្នោះ បានធ្វើឱ្យវៀតណាម មានការបារម្ភយ៉ាងជ្រាលជ្រៅ ដែលនេះជាចលករមួយដ៏គន្លឹះក្នុងការជំរុញឱ្យវៀតណាម រត់ទៅស្វែងរកឆត្រសន្តិសុខ ទាំងរបស់អាមេរិក រុស្ស៊ី ល-ល ក្នុងការបង្កើតទៅជាដៃគូយុទ្ធសាស្រ្ត ឬជាកិច្ចសហប្រតិបត្តិការលើផ្នែកយោធាជាមួយវៀតណាម ដែលនេះពុំមែនជាភាពចៃដន្យនោះ!។
ទាំងវៀតណាមទាំងហ្វីលីពីន កំពុងតែត្រូវបានយកចិត្តទុកដាក់ និងត្រូវបានមហាអំណាចខាងក្រៅតំបន់ប្រើប្រាស់ជាឧបករណ៍ ដោយជំរុញឱ្យប្រទេសទាំងពីរនេះកាន់តែជំពាក់វាក់វណ្ឌទៅនឹងអត្ថប្រយោជន៍សួនតួរ ដោយពួកនេះបានចងបញ្ហាអត្ថប្រយោជន៍សួនតួរនេះទៅនឹងបូរណភាពទឹកដី ដើម្បីជាភាពងាយស្រួលក្នុងការអូសបន្លាយទាញពួកមហាអំណាចខាងក្រៅតំបន់ចូលមកតាំងទីលំនៅសារជាថ្មីនៅអាស៊ីប៉ាស៊ីហ្វិក ធ្វើជាBarrier of Defense ក្នុងការរារាំង ទប់ស្កាត់នូវការងើបឡើងយ៉ាងខ្លាំងក្លារបស់ចិននៅទីនេះ ដោយសភាវៈ Natural Manners!។
ពុំមែនអាមេរិក តែរុស្ស៊ី ដែលជាការបារម្ភមួយរបស់ចិន នៅលើសមុទ្រចិនខាងត្បូង!៖
ការប្រែប្រួលជាយុទ្ធសាស្រ្ត របស់អាមេរិកនៅសមុទ្រចិនខាងត្បូង៖នៅខែកក្កដា ២០១០ លោកស្រី Hillary Clinton រដ្ឋមន្រ្តីការបរទេសបានប្រកាសដោយសង្កត់ធ្ងន់ថា ប្រទេសទាំងអស់ត្រូវប្រើប្រាស់វិធានការសន្តិភាពដើម្បីចូលរួមដោះស្រាយការវិវាទលើសមុទ្រចិនខាងត្បូង!។ ក្រោយពីមានការថ្លែងការណ៍មួយនេះមក ទាំងប្រធានាធិបតី ទាំងរដ្ឋមន្រ្តីការពារជាតិអាមេរិកបានឯកភាពទៅនឹងទស្សនទានមួយនេះ ហើយទស្សនៈនេះ ក៏បានក្លាយទៅជាគោលនយោបាយជា Roadmap ដែលអាមេរិកធ្វើការជ្រើសជ្រើសសម្រាប់ដំណោះស្រាយលើបញ្ហាវិវាទនៅសមុទ្រចិនខាងត្បូងសំដៅធានាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់នេះ!។ ក្រោយមក អាមេរិក រុស្ស៊ី ជប៉ុន ឥណ្ឌា អូស្រ្តាលី និងប្រទេសដទៃផ្សេងទៀតបានសម្ដែងឥរិយាបថនយោបាយចំពោះសមុទ្រចិនខាងត្បូង មានចរិតស្របទៅតាមRoadmap មួយនេះ!។
ត្រូវទទួលស្គាល់ការពិតមួយថា ជាតថភាពឱ្យតែជាបញ្ហាពាក់ព័ន្ធទៅនឹងការវិវាទកោះ ដែនដី គឺសហរដ្ឋអាមេរិកនឹងពុំមានការសម្ដែងជំហរណាមួយឡើយ!។ នៅបណ្ដាទសវត្សរ៍ទី១៩៨០ អាមេរិកមានជំហរច្បាស់លាស់ និងមិនចូលរួមពាក់ព័ន្ធទៅនឹងអធិករណ៍ទាំងឡាយលើសមុទ្រចិនខាងត្បូង!។ ដល់ទសវត្សរ៍ទី១៩៩០ សហរដ្ឋអាមេរិកមានការរំពឹងថា ប្រទេសទាំងអស់និងប្រើប្រាស់វិធានការសន្តិភាព ដើម្បីដោះស្រាយបញ្ហាទាំងនោះដោយសន្តិវិធី!។
ដល់ពាក់កណ្ដាលទសវត្សរ៍ទី៩០ ចិនហាក់មានវិធានការក្ដៅមកលើការវិវាទពាក់ព័ន្ធដល់កោះមួយចំនួនជាមួយហ្វីលីពីន ហើយហ្វីលីពីនស្រាប់តែមានប្រតិកម្មខ្លាំង ពង្រឹងសាច់ដុំដាក់ចិនដែលហេតុការណ៍នេះស្រាប់តែបានអូសអាមេរិកចូលEngaged ផងដែរ ដោយប្រទេសពីរនេះមានកិច្ចព្រមព្រៀងការពារជាតិនឹងគ្នា! ពេលនោះ Joseph Nye ជាមន្រ្តីជាន់ខ្ពស់ក្នុងរដ្ឋការអាមេរិកបានថ្លែងការណ៍យ៉ាងតានតឹង ព្រមទាំងបានផ្ញើសារទៅកាន់ភាគីចិនថា សហរដ្ឋអាមេរិកលែងមានការអត់ធ្មត់ចំពោះសកម្មភាពរបស់ចិនលើសមុទ្រចិនខាងត្បូងបានទៀត!
ក្រោយពីការប្រកាសរបស់ Joseph Nye នាថ្ងៃទី៥ តុលា ១៩៩៥ នេះមក ចិនបានប្ដូរយុទ្ធសាស្រ្តធ្វើឱ្យភាគខាងត្បូង បានស្ថិរភាពនិងរក្សាភាគខាងជើង ឱ្យកាន់តែមានភាពរឹងមាំ លើសមុទ្រចិនខាងត្បូង មានន័យថា ប្ដូរនូវយុទ្ធវិធីក្នុងការធ្វើឱ្យមានភាពស្រុះស្រួលរក្សាបានស្ថិរភាពដដែលនៅលើប្រជុំកោះSpratlyទាំងអស់ រក្សាបានស្ថិរភាពទាំងអស់ចំពោះពួកប្រទេសអាស៊ាន ប្រមូលផ្ដុំកម្លាំងទាំងអស់រក្សាឱ្យបានកោះ Paracel និងឈូងសមុទ្រTonkin សំដៅធ្វើឱ្យមានការរំងាបដល់ភាពរឹងរូសពីភាគីពាក់ព័ន្ធទាំងឡាយ ដើម្បីចិនមានឱកាសរៀបក្ដារអុកឡើងវិញ!។
ជាការពិតនៅលើសមុទ្រចិនខាងត្បូង សហរដ្ឋអាមេរិកជាអ្នកមានមុខក្រោយគេ ព្រោះក្រៅពីពួកប្រទេសអាស៊ាន គឺអ្នកដែលលឿនជាងគេ និងមានមុខមុនគេនោះគឺរុស្ស៊ី ពុំមែនអាមេរិកឡើយ!។
នៅទសវត្សរ៍ទី៨០ សហភាពសូវៀត និងវៀតណាម បានរួមគ្នាបង្កើតក្រុមហ៊ុនរកស៊ីចម្រុះដោយសហការរួមគ្នារុករកប្រេង ដែលប្រេងមួយភាគធំបានមកជាប្រេងឆៅរបស់វៀតណាម។ យោងតាមស្ថិតិរបស់វៀតណាមឱ្យដឹងថា រុស្ស៊ីបច្ចុប្បន្នជាដៃគូដ៏ធំបំផុតក្នុងការសហការរកស៊ីប្រេងជាមួយវៀតណាម។ ក្រោយមក ទើបគេឃើញមានក្រុមហ៊ុនប្រេងមកពីលោកខាងលិចដូចជា Exxon BP ល-ល… ក៏ចាប់ផ្ដើមមានការបោះទុនរកស៊ីអំពីប្រេង ឧស្ម័នលើសមុទ្រចិនខាងត្បូងជាមួយវៀតណាមទៅ!។
តែកិច្ចសហការរកស៊ី រុស្ស៊ី-វៀតណាម មានអត្ថប្រយោជន៍ទាំងសន្តិសុខទាំងអត្ថប្រយោជន៍សេដ្ឋកិច្ច ហើយដោយមានផលប្រយោជន៍ធំនៅលើសមុទ្រចិនខាងត្បូង ទើបរុស្ស៊ីបានក្លាយទៅជាបង្អែកមួយដ៏ធំនិងដ៏រឹងមាំរបស់វៀតណាមលើសមុទ្រចិនខាងត្បូង! វៀតណាមបានចងសម្ព័ន្ធភាពជាមួយមហាអំណាចពិភពលោករុស្ស៊ីមួយនេះ រួចប្រែក្លាយយន្តការសហប្រតិបត្តិការនេះ ទៅជាសហគមន៍សេដ្ឋកិច្ច រួមមានផលប្រយោជន៍ទៅវិញទៅមក!។លើមូលដ្ឋានេះ ទើបគេឃើញក្នុងប៉ុន្មានឆ្នាំនេះ រុស្ស៊ី បានលក់ឱ្យវៀតណាម នូវសម្ភារយោធា យ៉ាងទំនើប ជាច្រើនសម្រាប់បម្រើឱ្ យផែនវិវាទលើសមុទ្រចិនខាងត្បូង ក្នុងលក្ខខណ្ឌអនុគ្រោះជាងការលក់យុទ្ធោបករណ៍របស់រុស្ស៊ីទៅឱ្យចិនផងដែរ!។
មានការគិតគូរជាយុទ្ធសាស្រ្ត ក្នុងបញ្ហាយូរអង្វែង ដោយរុស្ស៊ីនិងវៀតណាម ទើបវៀតណាម បានទិញពី រុស្ស៊ី យ៉ាងច្រើននូវប្រព័ន្ធ អាវុធទំនើប ដូចជានាវមុជទឹក Kilo 360 ចំនួន៦គ្រឿង យន្តហោះប្រតិកម្មSU-27 ចំនួន១៣គ្រឿង SU-30ចំនួន២០គ្រឿង និងកាំជ្រួចរ៉ាដាជាច្រើនគ្រឿង។ តាមព័ត៌មានរបស់ពួកយោធានិយម គឺអាវុធទាំងអស់នេះមានមុខងារទំនើបជាងអាវុធទាំងឡាយដែលរុស្ស៊ីបានលក់ឱ្យចិនមុននេះ! ជារួម នៅចុងឆ្នាំ២០១១រហូតដល់បណ្ដាឆ្នាំ២០១៥ អាវុធទាំងអស់បានមកដល់វៀតណាម កកើតទៅជាកម្លាំងសរុបមួយក្នុងការប្រយុទ្ធតទល់ និងការពារខ្លួនបាននៅលើសមុទ្រចិនខាងត្បូង។ ដោយឡែកនាវាមុជទឹកនឹងត្រូវបានប្រគល់ឱ្យវៀតណាមនៅចុងឆ្នាំនេះ ក្នុងពេលដែលរុស្ស៊ីបាននិងកំពុងស្ថាបនានាវាមុជទឹក ក៏ស្របពេលដែលវៀតណាមបណ្ដុះបណ្ដាលទាហានជើងទឹក ដែលបច្ចុប្បន្ននេះរុស្ស៊ីនិងឥណ្ឌាបានជួយហ្វឹកហ្វឺនវៀតណាមក្នុងវិស័យជើងទឹកនេះ!។ អាវុធខាងលើរបស់រុស្ស៊ីមានមុខងារមួយដ៏ធំក្នុងការគំរាមកំហែងមកលើពួកប្រទេសភូមិផងរួមទាំងចិនផង! សំដៅការពារសុវត្ថិភាពដល់ស្ថានីយខួងប្រេងរបស់វៀតណាមនៅលើសមុទ្រចិនខាងត្បូងផង!។
ជាភាពប្រាកដនិយមមួយបើពិនិត្យដោយឡែកអំពីទិដ្ឋភាពរួមរបស់សមុទ្រចិនខាងត្បូង គឺសហរដ្ឋអាមេរិកពុំមានផលប្រយោជន៍ជាយុទ្ធសាស្រ្តអ្វីធំដុំលើផ្នែកសន្តិសុខ និងសេដ្ឋកិច្ចនៅក្នុងតំបន់នេះទេ!។ ហើយមូលហេតុចម្បងដែលនាំឱ្យសហរដ្ឋអាមេរិកតែងតែគាំទ្រអាស៊ានប្រឆាំងចិននៅលើសមុទ្រចិនខាងត្បូងនោះ គឺក្នុងគោលបំណងបញ្ចៀសធ្វើកុំឱ្យមានការកើតឡើងនូវទោះបីជាឧទ្ទវហេតុណាមួយ បន្ទាប់ពីបានឃើញចិនបានងើបឡើងយ៉ាងខ្លាំងក្លា ហើយការរីកធំធាត់របស់ចិននេះក៏ជាភាព Challenging មួយទៅនឹងអំណាចវត្តមានរបស់អាមេរិកនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក នេះផងដែរ! ដូច្នោះបង្ខំឱ្យអាមេរិកត្រូវមានវិធានការបង្ការជាមុនក្នុងការរារាំង ទប់ស្កាត់ចិនឱ្យបានមុនពេលដែលចិនធ្វើដំណើរចុះមកតំបន់ភាគខាងត្បូង!តែក៏មានសម្មតិកម្មមួយនិយាយថា វិធានការរបស់អាមេរិកក៏ដើម្បីការពារសេរីភាពចរាចរណ៍ក្នុងការធ្វើដំណើរទៅមករបស់យន្តហោះនិងនាវាចម្បាំងទាំងឡាយរបស់អាមេរិកនៅចន្លោះសមុទ្រទាំងពីរប៉ាស៊ីហ្វិកនិងសមុទ្រឥណ្ឌា ព្រមទាំងជាការរក្សាឱ្យបានស្ថិរភាពលើសមុទ្រចិនខាងត្បូងផងដែរ!។
ម្យ៉ាងវិញទៀត នៅមានការខុសគ្នាក្នុងនយោបាយការបរទេសរបស់រុស្ស៊ីនិងអាមេរិកក្នុងការTreatment មកលើពួកប្រទេសដែលស្ថិតនៅជុំវិញសមុទ្រចិនខាងត្បូង ដោយអាចនិយាយបានថាប្រទេសទាំងពីរនេះ រុស្ស៊ីនិងអាមេរិក មានជំហរខុសគ្នាអំពីបញ្ហាសមុទ្រចិនខាងត្បូង ព្រោះវត្តមានអាមេរិក នៅសមុទ្រចិនខាងត្បូង គឺដើម្បីបង្កើនកិច្ចប្រឹងប្រែងចូលរួម និងគាំទ្រដល់សម្ព័ន្ធមិត្ត របស់ខ្លួនដូចជា ជប៉ុន អូស្រ្តាលី ផ្ដល់ការគាំទ្រជាស្មារតីដល់បណ្ដាប្រទេសអាស៊ាន ពិសេសគឺហ្វីលីពីន ធ្វើខ្លួនជារបាំងមួយកុំឱ្យចិនដើរហួសរបាំងមួយនេះក្នុងនយោបាយការទូត ក្នុងការកាត់បន្ថយភាពគំរាមកំហែងមកលើអាស៊ាន!។ ចំពោះរុស្ស៊ីវិញ បានផ្ដល់ការគាំទ្រជាប្រយោលចំពោះអាស៊ាន ក៏ប៉ុន្តែប្រមូលផ្ដុំការជួយវៀតណាមដោយផ្ទាល់និងពិតប្រាកដ។ ក្នុងចំណុចនេះ អាមេរិកនិងរុស្ស៊ីខុសគ្នាដោយរុស្ស៊ីមានចំណងយុទ្ធសាមគ្គីភាពជាប្រពៃណីយូរមកហើយជាមួយវៀតណាម។ ក្នុងសង្រ្គាមព្រំដែនរវាងវៀតណាមនិងចិនឆ្នាំ១៩៧៩ និងក្នុងសង្រ្គាមអស់រយៈពេលជាង១០ឆ្នាំក្នុងការដណ្ដើមកំពូលភ្នំមួយរវាងវៀតណាម-ចិននោះ គឺមហាអំណាចរុស្ស៊ីជាមិត្តតែមួយគត់ក្នុងការគាំទ្រវៀតណាមក្នុងបុព្វហេតុមួយនោះ!។ ដូច្នោះ សមុទ្រចិនខាងត្បូងប្រៀបដូចជាប្រភពរ៉ែមាស ហើយឆ្លងតាមរយៈកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងមួយនេះជាមួយវៀតណាម កាន់តែធ្វើឱ្យរុស្ស៊ីរកស៊ីមានបានជុំវិញការរកស៊ីប្រេង ឧស្ម័ន និងលក់អាវុធឱ្យវៀតណាម។
នៅក្នុងបរិបទផលប្រយោជន៍ យុទ្ធសាស្រ្តមួយនេះ រុស្ស៊ី តែងតែលេងនយោបាយមុខពីរ ដោយជាមួយវៀតណាម រុស្ស៊ីបង្កើនកិច្ចសហការលើគ្រប់វិស័យពីការងារការទូតរហូតដល់សកម្មភាពសេដ្ឋកិច្ចរួមទាំងប្រើប្រាស់Actionsរបស់ខ្លួនដើម្បីបង្កើតទីតាំងឈរជើងជាបង្អែកឱ្យបានរឹងមាំសម្រាប់វៀតណាមពឹងពាក់! ចំពោះចិនវិញ គឺរុស្ស៊ីរក្សាឥរិយាបថដដែល លើផ្នែកការទូត គឺនិយាយល្អក៏ប៉ុន្តែពុំមានទោះបីActionsណាមួយក្នុងការជួយចិនឡើយ!។
ពួកអ្នកវិភាគយុទ្ធសាស្រ្ត បានធ្វើសេចក្ដីសន្និដ្ឋានថា បើផ្អែកមកលើនិន្នាការនៃដំណើរការវិវត្តន៍នៅលើសមុទ្រចិនខាងត្បូងបច្ចុប្បន្ន ក្នុងករណីបើមានការប្រទូសរាយជាអាវុធរវាងវៀតណាមនិងចិននៅលើតំបន់សមុទ្រនោះ គឺអាវុធទាំងអស់ដែលមានចរិតទំនើបដែលវៀតណាមយកមកប្រើប្រាស់គឺសុទ្ធតែអាវុធយុទ្ធភ័ណ្ឌដែលបានមកពីរុស្ស៊ីពុំមែនបានមកពីអាមេរិកឡើយ!។នៅក្នុងព្រឹត្តិការណ៍មួយនេះ អាមេរិកនឹងដើរតួជាប្រយោលក្នុងការគាំទ្រវៀតណាមលើផ្នែកការងារការទូត និងក្នុងការជួយរារាំង ទប់ស្កាត់ការគំរាមកំហែងពីចិនតែប៉ុណ្ណោះ។ ពាក់ព័ន្ធដល់បញ្ហានេះ ចិនបានយល់យ៉ាងច្បាស់អំពីគោលគំនិតរបស់អាមេរិកនិងរុស្ស៊ី ព្រោះរុស្ស៊ីទេដែលជាអ្នកមានផលប្រយោជន៍ពិតប្រាកដលើសមុទ្រចិនខាងត្បូង ហើយរុស្ស៊ីទេដែលមានមហិច្ឆតាក្នុងការចង់គ្របដណ្ដប់ត្រួតត្រាពីតំបន់សមុទ្រលឿងរត់ចុះរហូតមកដល់ប្រជុំកោះ Spratly នោះ! បើអាមេរិកវិញ សុំតែផ្លូវនាវាចរណ៍លើសមុទ្រចិនខាងត្បូងឱ្យកាន់តែសេរីនិងបើកចំហរតែប៉ុណ្ណោះ។
ក្នុងការវិវាទលើសមុទ្រចិនខាងត្បូង ចិនធ្លាប់បានសុំឱ្យប្រទេសទាំងអស់ឱ្យឈរឆ្ងាយនិងកុំលេងជាមួយភ្លើង!ថែមទាំងបានចំអកថា កុំថាឡើយរួមគ្នាគំរាមកំហែងចិននោះ សូម្បីតែបូកពួកប្រទេសអមិត្តទាំងអស់នេះទៅជាប្លុកមួយក៏គ្មានធ្វើអ្វីចិនបានឡើយ!
វៀតណាម មិនគប្បីលេងសន្លឹកបៀរអាមេរិក រុស្ស៊ី ក្នុងបញ្ហាសមុទ្រចិនខាងត្បូង និងការសន្យា “ខ្យល់”របស់ពួកមហាអំណាចនេះ!
ក្នុងបរិបទរបស់សភាពការណ៍តំបន់ ដ៏រសើបយ៉ាងនេះ អាចមានបច្ច័យ៤យ៉ាង ដែលធ្វើឱ្យអាមេរិក សម្រេចឈរនៅឆ្ងាយពីបញ្ហាវិវាទកម្ម លើសមុទ្រចិនខាងត្បូង នោះ ដោយ
ទី១៖ទោះបីជាមានសភាពការណ៍តានតឹងលើតំបន់សមុទ្រចិនខាងត្បូងយ៉ាងនេះក៏ដោយ ក៏សភាពការណ៍អាក្រក់មួយនេះ ពុំបានគំរាមកំហែងមកលើផលប្រយោជន៍ដោយផ្ទាល់របស់អាមេរិក
ទី២៖ចំណុចក្ដៅនៅលើសមុទ្រចិនខាងត្បូងនេះមានការយកចិត្តទុកដាក់ពីបណ្ដាមហាអំណាចពិភពលោកជាច្រើនហើយ
ទី៣៖ ក្រុងWashington គ្មានបំណងEngagementចូលជ្រៅដោយបញ្ហាសមុទ្រចិនខាងត្បូងនេះមានចរិតប្រឈមមុខដោយផ្ទាល់ជាមួយនឹងយក្សចិន
និងទី៤៖សហរដ្ឋអាមេរិក ពុំដែលមានគោលនយោបាយគាំទ្រ ឬការពារអធិបតេយ្យភាព បូរណភាពដែនដី របស់ប្រទេសមួយនេះ ប្រឆាំងទៅប្រទេសមួយនោះឡើយ!។
ក្រៅពីនេះ ក៏នៅមានScenario មួយទៀតដែលមតិវិភាគបានលើកឡើងថា ពួកអំណាចស្រមោល(Deep State) អាចធ្វើការក្រឡុកសភាពការណ៍ដោយពួកនេះចង់ធ្វើពលីកម្ម “សេះ” ឬ “ទូក” ខ្លះលើក្ដារអុកយុទ្ធសាស្រ្តរបស់នយោបាយតំបន់ ដោយរុញឱ្យពួកប្រទេសតូចពាក់ព័ន្ធនៅក្នុងតំបន់ធ្លាក់ទៅក្នុងខ្យល់គួច ព្យុះសង្ឃរា ប្រឈមមុខតានតឹងជាមួយចិន ដើម្បីកេងចំណេញផលប្រយោជន៍ពីអធិករណ៍នេះ ដោយ War Games ទាំងនេះ ពួកDeep Stateធ្លាប់បានលេងរួចហើយនៅក្នុងតំបន់ Balkan អាស៊ីខាងត្បូង និងអាស៊ីខាងកើតនោះឯង!។
យុទ្ធវិធី “សាមកុក” ត្រូវបានប្រើប្រាស់ លើសមុទ្រចិនខាងត្បូង!
សមុទ្រចិនខាងត្បូង ជាសមរភូមិមួយដ៏ល្អបំផុតរបស់ចិននាពេលបច្ចុប្បន្ននេះ ដោយចិនអាចផ្ដើមបើកសមរភូមិតូច ដើម្បីចៀសវាងកុំឱ្យមានសមរភូមិធំកើតឡើងឱ្យបាន! ចិនអាចប្រើប្រាស់កម្លាំងបាយលើសមុទ្រចិនខាងត្បូងក្នុងទ្រង់ទ្រាយតូចដើម្បីហ៊ុមព័ទ្ធបំបាក់ប្រទេសរឹងក្បាល(Rogue States) ដែលជាប្រទេសសកម្មបង្ករឿងហេតុខ្លាំងជាងគេ! ដោយអនុវត្តន៍តាមក្បួនទ័ព “សាមកុក” អារកមាន់បំភ័យស្វា ដែលវិធានមួយនេះអាចនឹងមានប្រសិទ្ធភាពខ្ពស់។ ចំពោះទ្រង់ទ្រាយសង្គ្រាមវិញ ចិនអាចយករូបភាពធ្វើទណ្ឌកម្មសេដ្ឋកិច្ច (Embargo) ដែលខុសនឹងរូបភាពរបស់អាមេរិក លោកខាងលិចបានធ្វើនៅ អ៊ីរ៉ាក់ អាហ្កានីស្ថាន ឬមួយក៏នៅ លីប៊ី ស៊ីរី និងអ៊ីរ៉ង់នោះ។ របៀប Embargo ដែលចិនត្រូវធ្វើនោះ គឺនយោបាយQuid Pro quo ដែលចិនបានឆ្លើយតបទៅអាមេរិកក្នុងសម័យ Trump និងកំពុងឆ្លើយតប ទៅនឹងភាពអមិត្ត របស់អូស្ត្រាលី នាពេលបច្ចុប្បន្ននេះ។
អំពើនិងសកម្មភាពរបស់ពួកប្រទេសធំ អាចបង្កទៅជាប្រតិកម្មអវិជ្ជមានមួយក្នុងសហគមន៍អន្តរជាតិ! ក៏ប៉ុន្តែពេលវេលាយូរទៅក៏អាចសាបរលាប ដោយក្រោយពីហេតុការណ៍ទាំងនេះមក គឺស្ថានភាពជាទូទៅនៅក្នុងតំបន់ត្រូវបានដោះស្រាយនិងមានស្ថិរភាពឡើងវិញ ហើយនេះក៏ជាដំណោះស្រាយយុទ្ធសាស្រ្តមួយរបស់ពួកប្រទេសធំផងដែរ!។
តារាសាគរ និងរាម ជាដែនអធិបតេយ្យ ផ្ដាច់មុខរបស់កម្ពុជា!៖
ប្រជាជនកម្ពុជាបានរស់យ៉ាងរ៉ាំរ៉ៃ និងឆ្លងកាត់ក្នុងភ្លើងសង្រ្គាម អស់រយៈកាលជាង៤ទសវត្សរ៍ គ្មានប្រជាជាតិណាមួយ ដែលយល់អំពីការឈឺចាប់ ព្រាត់ប្រាស់គ្រួសារ ទុក្ខវេទនាជាងប្រជាជាតិខ្មែរឡើយ ដូច្នោះប្រជាជនកម្ពុជាទាំងអស់បានយល់យ៉ាងច្បាស់នូវតម្លៃសន្តិភាព ស្ថិរភាពនិងសុភមង្គលគ្រួសារទោះនៅក្នុងកាលៈទេសៈណាមួយ! កម្ពុជានៅតែជាប្រទេសក្រីក្រ កំពុងអភិវឌ្ឍន៍ នៅចំពោះមុខកម្ពុជាមានភាពចាំបាច់បំបាត់ភាពក្រីក្រ ប្រយុទ្ធប្រឆាំងទៅនឹងគ្រោះអនក្ខរកម្ម កសាងធនធានមនុស្ស និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
គោលនយោបាយឈ្នះ ឈ្នះ បាននាំឱ្យកម្ពុជា មានស្ថិរភាព ដែលជាអំណោយផលមួយសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ក្មេងខ្ចីរបស់ខ្លួន! ជោគជ័យក្នុងការកសាងតំបន់សេដ្ឋកិច្ចពិសេសនៅបណ្ដាខេត្តដែលស្ថិតនៅតាមឆ្នេរសមុទ្រ បានធ្វើឱ្យកម្ពុជាជំរុញកសាងតំបន់សេដ្ឋកិច្ចទេសចរណ៍ Ecotourism ដែលក្នុងនោះមានការអភិវឌ្ឍន៍តំបន់តារាសាគរ និងកំពង់ផែរាម សំដៅបម្រើឱ្យពហុបំណង!។
ជាតថភាពក្នុងបរិបទតំបន់ កម្ពុជាមានទំនាក់ទំនងល្អជាមួយចិន ដែលកិច្ចសហការនេះពុំមែនដើម្បីហ៊ុមព័ទ្ធ ឬប្រឆាំងទៅនឹងផលប្រយោជន៍ដ៏ពិសិដ្ឋរបស់វៀតណាម ក៏ដូចជាវៀតណាមអភិវឌ្ឍន៍កំពង់ផែនៅCam Ranh ក៏ពុំមែនដើម្បីប្រឆាំងចិន ឬហ៊ុមព័ទ្ធប្រទេសណាមួយនៅក្នុងតំបន់ឡើយ!។
ដំណោះស្រាយដ៏ល្អបំផុត និងតែមួយគត់សម្រាប់សន្តិភាព ស្ថិរភាពលើសមុទ្រចិនខាងត្បូង!។
ដើម្បីជាការកាត់បន្ថយ ចៀសវាងបាននូវភាពប្រឈម ជំហានដំបូងគឺការកសាងជំនឿទុកចិត្តគ្នារវាងពួកប្រទេសពាក់ព័ន្ធ ព្រមទាំងរួមគ្នាប្រែក្លាយតំបន់សមុទ្រចិនខាងត្បូងនេះឱ្យទៅជាតំបន់ Non-Militarization សិន! ហើយបន្ទាប់មកគួរឈប់ប្រើពាក្យ តុល្យភាពកម្លាំង-Balance of interests ទៅវិញ!។ ព្រោះបច្ច័យចម្បងរបស់សន្តិភាព ស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលអាចស្ថិតស្ថេរគង់វង្សបាន ល្គឹកណាដែលប្រទេសទាំងអស់មានពុទ្ធិក្នុងការពឹងផ្អែកមកលើតុល្យភាពផលប្រយោជន៍ច្រើនជាង ដោយពុំមែនជាការពឹងផ្អែកមកលើតុល្យភាពកម្លាំងនោះទេ!។ រូបមន្តទទួលខុសត្រូវ និងការចែករំលែក ដែលជាពាក្យពេចន៍នយោបាយមួយដ៏ល្អ ដែលពុំមានចរិតChallenging ទៅនឹងអនុភាពនៃមហាអំណាចដ៏មហិមាដទៃទៀតនៅក្នុងតំបន់មួយនេះ!។ ត្រូវកំណត់ដោយអះអាងថា ដើម្បីផលប្រយោជន៍គង់វង្សរបស់ប្រជាជាតិអាស៊ីទាំងអស់ គឺតំបន់អាស៊ីប៉ាស៊ីហ្វិកមួយនេះ ពុំមានBalance of powerទេ មានតែBalance of interest ដោយមហាយក្សទាំងអស់រួមមានការទទួលខុសត្រូវក្នុងការចែករំលែកភារកិច្ច សម្រាប់ជាការទ្រទ្រង់ដល់ដំណើរការវឌ្ឍនភាពនិងសុខសន្តិភាពនៅក្នុងតំបន់មួយនេះសម្រាប់សតវត្សរ៍ទី២១!៕
ដោយ ហើស សិរិធន់
ហេតុអ្វីកោះតៃវ៉ាន់ មិនទាន់ហ៊ានប្រកាសឯករាជ្យពីចិន?
]
តៃវ៉ាន់ គឺជាដែនកោះមួយនៅក្បែរចិនដីគោក ដែលមានឈ្មោះផ្លូវការថា «សាធារណរដ្ឋចិន» ខណៈឈ្មោះផ្លូវការរបស់ទីក្រុងប៉េកាំង គឺ«សាធារណរដ្ឋប្រជាមានិតចិន»។ ប្រវត្តិសាស្រ្តរបស់រដ្ឋាភិបាលទីក្រុងតៃប៉ិ បានចាប់ផ្តើមកើតឡើងនៅក្នុងឆ្នាំ១៩៤៩ បន្ទាប់លោក ជាង កៃជៀក(Chiang Kai-shek) មេដឹកនាំចិនសម័យនោះ បានសម្រេចជម្លៀសមកកោះនេះ បន្ទាប់ពីបក្សកុម្មុយនិស្តចិនគ្រប់គ្រងទាំងស្រុងនៅចិនដីគោក ក្រោយសង្រ្គាមស៊ីវិល។
អាមេរិកវិញ ប្រកាសមិនពាក់ព័ន្ធបញ្ហានេះឡើយ។ អតីតប្រធានាធិបតីអាមេរិក លោក Harry Truman បានប្រកាសយ៉ាងដូច្នេះនៅឆ្នាំ១៩៥០ ថា៖ « សហរដ្ឋអាមេរិក នឹងមិនពាក់ព័ន្ធក្នុងជម្លោះនៃច្រកសមុទ្រសមុទ្រតៃវ៉ាន់ទេ»។ ក្នុងន័យនេះ អាមេរិក នឹងមិនជ្រែកជ្រៀកកិច្ចការផ្ទៃក្នុងរបស់ចិនឡើយ។ ប៉ុន្តែសង្រ្គាមឧបទ្វីបកូរ៉េ ក៏បានផ្ទុះឡើងនៅក្នុងឆ្នាំនោះដែរ ដែលជាហេតុធ្វើឲ្យលោក Truman សម្រេចប្រកាស «អព្យាក្រិត្រនៃច្រកសមុទ្រFormosa»។ អាមេរិកក៏បានបានបញ្ជូន កងនាវាយោធាទី៧ ទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ក្នុងគោលបំផុតការពារតៃវ៉ាន់ពីការវាយប្រហាររបស់ចិនដីគោក។
ប៉ុន្តែនាវាយោធាអាមេរិក ត្រូវដកទៅវិញ នៅឆ្នាំ១៩៥៣ ដោយសារ លោកDwight D. Eisenhower ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។ ក្នុងឆ្នាំ១៩៥៤ ចិន បានផ្លោងកាំភ្លើងធំដាក់តៃវ៉ាន់ ជាលើកដំបូង ហើយសង្រ្គាមនេះ បានបញ្ចប់ទៅវិញនៅក្នុងឆ្នាំ១៩៥៥។ ការប៉ះទង្គិចគ្នានេះ ត្រូវបានគេហៅថា វិបត្តិច្រកសមុត្រតៃវ៉ាន់លើកទី១ (The First Taiwan Strait Crisis) ។ នៅក្នុងឆ្នាំ១៩៥៨ ចិន បានវាយប្រហារលើតៃវ៉ាន់ម្តងទៀត ដែលគេហៅថា វិបត្តិច្រកសមុត្រតៃវ៉ាន់លើកទី២។
អាមេរិក បានចាប់ផ្តើមចូលជិតចិនដើម្បីសង្កត់សូវៀត ហើយទំនាក់ទំនងតៃវ៉ាន់ក៏ចាប់ផ្តើមអន់ថយដែរ។
រហូតមកដល់ពេលបច្ចុប្បន្ន ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen តែងតែបង្ហាញពីទំនោរចង់ប្រកាសឯករាជ្យ ដែលជាហេតុធ្វើឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ព្រមានម្តងហើយម្តងទៀតថា ប្រសិនបើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ យោធាចិន នឹងវាយសង្រ្គប់តៃវ៉ាន់។ យ៉ាងណាក៏ដោយ តៃវ៉ាន់មិនហ៊ានប្រកាសឯករាជ្យឡើយ ព្រោះដោយសារហេតុផល៣ធំៗ។
ភាពមិនច្បាស់លាស់របស់អាមេរិកលើតៃវ៉ាន់
នៅក្នុងឆ្នាំ១៩៧៩ អាមេរិក បានប្រកាសជាផ្លូវការទទួលស្គាល់ចិនដីគោក ប៉ុន្តែដើម្បីទុកផ្លូវមួយសម្រាប់ខ្លួនឯង អាមេរិក ក៏បានអនុម័តច្បាប់ទំនាក់ទំនងតៃវ៉ាន់នៅក្នុងឆ្នាំនោះដែរ។ ក្នុងច្បាប់ទំនាក់ទំនងតៃវ៉ាន់នោះ អាមេរិក គឺនិយាយតែពីចំណងទំនាក់ទំនង ការធ្វើពហិការ ការដាក់ទណ្ឌកម្មលើប្រទេសណាធ្វើឲ្យប៉ះពាល់សន្តិសុខតៃវ៉ាន់ និងការផ្គត់ផ្គង់អាវុធអាមេរិកឲ្យតៃវ៉ាន់ប៉ុណ្ណោះ។
យ៉ាងណាមិញ ច្បាប់នេះមិនបាននិយាយអំពីបញ្ហា អាមេរិក នឹងបញ្ចេញទ័ព ឬកម្លាំងយោធា ដើម្បីជួយតៃវ៉ាន់ពីការវាយប្រហាររបស់ចិនឡើយ។ នេះបើតាមការលើកឡើងរបស់លោក Richard N. Haass ប្រធានក្រុមប្រឹក្សាទំនាក់ទំនងការបរទេស ដែលមានមូលដ្ឋាននៅអាមេរិកនៅក្នុងវិចារណកថា «American Support for Taiwan Must be Unambiguous» ដែលចេញផ្សាយក្នុងទស្សនាវដ្តី Foreign Affairs នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០។